រាជរដ្ឋាភិបាលបង្កើនថវិកាជាតិប្រមាណ១៦០លានដុល្លារនៅឆ្នាំ២០២១ ដើម្បីស្តារសេដ្ឋកិច្ច និងទប់ស្កាត់ជំងឺកូវីដ-១៩

 

វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា 

MC៖ រាជរដ្ឋាភិបាលបានបង្កើនថវិកា១៦០លានដុល្លារនៅឆ្នាំ២០២១ខាងមុខ ដើម្បីស្តារសេដ្ឋកិច្ច និងទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គណៈរដ្ឋមន្រ្ដីបានអនុម័តបង្កើនថវិកាឆ្នាំ២០២១ មានរហូតដល់ប្រមាណ១៥០លាន ទៅ១៦០លានដុល្លារអាមេរិក ។

ថ្លែងក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោបានបញ្ជាក់ថា ថវិកាឆ្នាំ២០២១នេះ ផ្តោតសំខាន់លើការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ពិសេសគឺជាថវិកាប្រយុទ្ធប្រឆំាង ជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតប្រជាជន និងស្តារសេដ្ឋកិច្ចជាតិ។ សម្តេចតេជោបានបញ្ជាក់ថា ការស្តារ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទនេះ នឹងជួយបង្កើតការងារបានជាង១លានកន្លែងនៅតាមជនបទ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

សម្តេច​បញ្ជាក់ថា​« គណៈរដ្ឋមន្រ្ដីបានប្រជុំ ដើម្បីអនុម័តនូវច្បាប់ថវិកា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២១។ ក្នុងច្បាប់ថវិកានេះ យើងបានគិតគូរយ៉ាងម៉ត់ចត់អំពីស្ថានភាពនៃបញ្ហាដែលយើងត្រូវប្រឈមនាពេលខាងមុខទាំងកូវីដ-១៩ និងការស្ដារឡើងវិញក្នុងជីវភាពរបស់ប្រជាជន ក្រោយទឹកជំនន់ និងដំណើរការក្រោយដំណាក់កាលកូវីដ ។ដូច្នេះថវិកាឆ្នាំ២០២១ គឺជាថវិកាប្រសិទ្ធិនាមថា ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គមសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ឆ្ពោះទៅរកការស្ដារឡើងវិញក្រោយពេលជំងឺកូវីដ-១៩»៕​