ប្រមុខរាជរដ្ឋាភិបាលកម្ពុជាណែនាំក្រសួង៤ ត្រូវដោះស្រាយការងារបន្ទាន់ក្រោយចប់ទឹកជំនន់

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឱ្យដឹងថា  កិច្ចការបន្តក្រោយចប់ ជំនន់ទឹកភ្លៀងនេះទៅ ក្រសួងចំនួន៤ត្រូវធ្វើការងារច្រើនជាងគេ ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោះស្រាយប្រព័ន្ធទឹក និងការជួយផ្នែកកសិកម្មជូនប្រជាពលរដ្ឋ។

ក្នុងពិធីអញ្ជើញសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២៤ ខែ តុលា នាខេត្តបន្ទាយមានជ័យ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវធ្វើការងារជួយប្រជាពលរដ្ឋក្រោយទឹកជំនន់។ 

សម្តេចតេជោបានណែនាំឱ្យ ក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវពិនិត្យមើលប្រព័ន្ធផ្លូវទាំងអស់នៅទូទាំងប្រទេស ដើម្បីជួសជុល ជួយសម្រួលដល់ចរាចរណ៍ឡើងវិញ ។ ក្រសួងអភិវឌ្ឍន៍ជនបទត្រូវមើលផងដែរទាក់ទងជាមួយផ្លូវថ្នល់ ផ្លូវលំចាក់កៅស៊ូ ផ្លូវលំចាក់បេតុង និងទាំងផ្លូវលំក្រាលក្រួសក្រហម ។ ចំណែកក្រសួងធនធានទឹកនិងឧតុនិយមវិញ ត្រូវតាមដានមើលសភាពការណ៍គ្រប់អាងទឹក និងត្រូវមើលការចែកចាយទឹកនៅពេលក្រោយទឹកជំនន់ ដើម្បីការពារ កុំឱ្យមានការដណ្តើមទឹកគ្នា ត្រូវរៀបចំយ៉ាងណាដោះស្រាយទឹកតាមប្រព័ន្ធស្រោចស្រព ព្រោះកាលពីមុន អ្នករងគ្រោះដោយរាំងស្ងួត មានអ្នកដើមប្រឡាយបូមអស់និងចុងប្រឡាយអត់បានទឹកសម្រាប់ប្រើប្រាស់ ។

សម្តេចតេជោបន្ថែមថា ចំពោះក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទវិញ ត្រូវធ្វើសកម្មភាពបន្ទាន់ពិនិត្យទៅលើ គ្រួសារនីមួយៗដែលទទួលរងការខូចខាតរងផលប៉ះពាល់ ថាតើអ្នកណាត្រូវផ្តល់ស្រូវពូជ អ្នកណាត្រូវផ្តល់ពូជដំណាំ ៕​