ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា៖

នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា អមដោយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្លែង និងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងពិធីចុះសាកសួរសុខទុក្ខ និងចែកអំណោយក្នុងឱកាសនេះ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខទុក្ខរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះទ័យគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាមតិផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងមមាញឹកក្នុងការចុះជួប និងជួយប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះនានា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានថ្លែងនូវកោតសរសើរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ។ និងបានសម្តែងនូវការអរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភនូវថវិកា ព្រមទាំងសំភារៈផ្សេងៗ យកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រាដ៏លំបាកនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខណៈពេលដែលប្រទេសយើងកំពុងជួបគ្រោះទឹកជំនន់ សូមបងប្អូនរក្សាអនាម័យក្នុងការរស់នៅជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង៤០០គ្រួសារទទួលបាន រួមមាន ៖ អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកសុទ្ធ ១កេស ត្រីខកំប៉ុង ១យួរ ទឹកសុីអុីវ ១យួរ សាប៊ូ Protex ១ប្រអប់ (៤ដុំ) សាប៊ូ Viso ១គីឡូក្រាម៕