ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ៧៧៨គ្រួសារ នៅខេត្តប៉ៃលិន ទទួលអំណោយពីឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ញ៉ឹប បូរី ប៉ៃលិន 23-10-2020


ប៉ៃលិន៖ លោកជំទាវ ពេជ ចន្ទមុន្នី-ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះសួរសុខទក្ខ និងនាំយកនូវអំណោយមនុស្សធម៌ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ៧៧៨គ្រួសារ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្នបានទាន់ពេលវេលា។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន, ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ផងដែរ។
ក្នុងការជួបសំណេះសំណាលនាឱកាសនោះ លោកជំទាវ ពេជ ចន្ទមុន្នី-ហ៊ុន ម៉ាណែត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា។
ទាក់ទងនឹងគ្រោះទឹកជំនន់ ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកជំទាវ បានថ្លែងអំណរគុណ និងថ្លែងការកោតសសើរ ដល់គណៈអភិបាលខេត្តប៉ៃលិន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានា ដូចជា៖ កាកបាទក្រហមខេត្ត យុវជន សសយក ខេត្ត និងសប្បុសជន ដែលបានគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដោយប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ មិនខ្លាចនឿយហត់នោះឡើយ។
លោកជំទាវ ពេជ ចន្ទមុន្នី-ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រៅពីការជួយសង្គ្រោះ ប្រជាពលរដ្ឋដល់ទីទួល សុវត្ថិភាព ក៍មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើង ដោយទឹកជំនន់ និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ជាពិសេសសូមបន្តចូលរួមទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវអនុវត្តន៍តាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅ តាមបែបគន្លងថ្មី ព្រមទាំងប្រុងប្រយ័ត្ន និងការពារ កុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីកផងដែរ។
នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានថ្លែងអំណរគុណ ចំពោះទឹកចិត្ត សប្បុរសធម៌ដ៏ថ្លៃថ្លានេះ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដែលបានស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតី ជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនូវគ្រោះធម្មជាតិទឹកជំនន់ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋខូតខាតផ្ទះសំបែង ផលដំណាំ និងសត្វពាហនៈផ្សេងៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ នានា។
គួរបញ្ជាក់ថា៖ អំណោយដែលចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកសាលាក្រៅ ៤ឃុំ ចំនួន ៧៧៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គីឡូក្រាម, មី ០១កេស, មីឡូ ០១កេស, ភួយ ០១, សារុង ០១, ថ្នាំពេទ្យមួយឃីត, ប្រេងខ្យល់ ២, ថ្នាំដុសធ្មេញ ០១, សាប៊ូដុំដុសខ្លួន ០១ដុំ, និងថវិកាចំនួន ៥ ម៉ឺនរៀល ផងដែរ៕