ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្ពងខេត្តកំពង់ស្ពឺស្វែងយល់ពីបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ 

 

MC៖ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្ពង ខេត្តកំពង់ស្ពឺបានសហការជាមួយរដ្ឋបាលឃុំវាលពន់  បើកវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីបញ្ហា និងការកង្វល់របស់ប្រជាពលរដ្ឋមូលដ្ឋាន  ក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ផង និងស្ថានភាពទឹកជំនន់ផង ។

វេទិកាសាធារណៈនេះ រៀបចំធ្វើនៅក្នុងវត្តធម្មរង្សី ហៅវត្តព្រៃមិច  ឃុំវាលពន់  ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០  ដោយមានប្រជាពលរដ្ឋ រួមទំាង មន្រ្តីជាថ្នាក់ដឹកនំាក្រសួង មន្ទីរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ នគរបាលរបស់់រដ្ឋបាលខេត្ត  ស្រុកនិង ឃុំ ចំនួន ជាង២០០ នាក់ បានចូលរួម ។ 

 ក្នុងវេទិកាសាធារណៈនោះ  ក្រុមការងាររាជរដ្ឋាភិបាល បានធ្វើការដោះស្រាយ និងបកស្រាយបំភ្លឺនូវសំណូមពរ និងចម្ងល់ចំនួន បួន ដែលពលរដ្ឋក្នុងឃុំវាលពន់ បានលើកឡើង ។  តំណាងពលរដ្ឋក្នុងភូមិស្យា និងភូមិព្រៃមិច បានស្នើសុំឲ្យជំរុញតបណ្តាញអគ្គិសនីចូលភូមិទំាងពីរ  ដែលសំណូមពរនេះ  ត្រូវបានក្រុមការងាររាជរដ្ឋាភិបាល ដែលក្នុងនោះមានមន្ត្រីអគ្គិសនី ខេត្ត បានទទួលយក ព្រមទំាងជម្រាបជូនវេទិកាពីការលំបាកមួយចំនួន ដែលធ្វើឲ្យយឺតដល់ដំណើរការតបណ្តាញអគ្គីសនី ចូលភូមិទំាងឡាយក្នុងឃុំវាលពន់ ។  តែ ក្រុមការងារបានជម្រាបជូនវេទិកា ថា នៅចុងខែ មករា ឬដើមខែកុម្ភៈឆ្នំាក្រោយ បណ្តាញអគ្គិសនីនឹងមាន.ត.ចូលភូមិចំនួន ៥ ក្នុងឃុំ ។ ចំពោះបញ្ហាកសិករក្នុងឃុំមិនសូវជាមានទឹកធ្វើស្រែចម្ការ ដោយសារប្រភពទឹក គឺបានមកពីខេត្តកំពង់ឆ្នំាង  មន្រ្តីធនធានទឹកខេត្ត បានជំរាបជូនអង្គវេទិកាថា មន្ទីរនឹងទំនាក់ទំនងជាមួយខេត្តកំពង់ឆ្នំាង ដើម្បីធានាការផ្តល់ទឹកជូនកសិករ ឲ្យបានទៀងទាត់ ។  សមាជិកក្នុងក្រុមការងាររាជរដ្ឋាភិបាល ក៏បានឡើងបកស្រាយបំភ្លឺជូនពលរដ្ឋ ដែលមានចម្ងល់ ពីគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ក្នុងពេលនោះដែរ ។

មានប្រសាសន៍ក្នុងវេទិកាសាធារណៈនោះ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះជួយស្រុកថ្ពង បានជំរាបជូនពលរដ្ឋអំពីការវិវត្តន៍នូវសភាពការណ៍លើសកលលោក ទាក់ទងនឹងការរាតត្បាតរបស់កូវីដ ១៩ និងទឹកជំនន់  ដែលមិនមែនមានតែនៅក្នុងប្រទេសកម្ពុជា ទេ ។  ឯកឧត្តម ក៏បានជម្រាបអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា និងប្រទេសចិន  ដែលនឹងអាចឲ្យកម្ពុជា នំាចេញផលិតផលកសិកម្មទៅប្រទេសចិន ដោយគ្មានការបង់ពន្ធ ។  ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងារចុះជួយស្រុកថ្ពង ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីសកម្មភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានចុះជួប និងចែកជំនួយសង្គ្រោះផ្ទាល់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ៕​