លោកជំទាវពេជ ចន្ទមុន្នី-ហ៊ុនម៉ាណែត ប្រគល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ស្រុកសង្កែខេត្តបាត់ដំបង

 វិទ្យុជាតិកម្ពុជា​ ៖អត្ថបទ លោក ម៉ូត វ៉ោយហួ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង៖ លោកជំទាវពេជ ចន្ទមុន្នី-ហ៊ុនម៉ាណែត ដែលមានឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរផងនោះ បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គបញ្ជាការកងទ័ពជើងគោក មកចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន 837គ្រួសារ ក្នុងស្រុកសង្កែខេត្តបាត់ដំបងនៅថ្ងៃទី23 ខែតុលានេះ។ 

 ក្រោយពីឯកឧត្តម ឡោកហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកសង្កែបានគូសបញ្ជាក់ ពីការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យក្នុងស្រុកសង្កែរួចមក លោកជំទាវ ពេជ ចន្ទមុន្នី បានសម្ដែងការអាណិតអាសូរដល់ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបាត់ដំបង រួមជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការជួយសង្គ្រោះ ដោយដឹកជញ្ជូនប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាព បានទាន់ពេល វេលា។ ជាងនេះទៀត រដ្ឋបាលខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងគណៈកម្មការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ក៏បានដោះស្រាយស្បៀងអាហារជាបន្តបន្ទាប់ផងដែរ ។

      លោកជំទាវបានបញ្ជាក់ទៀតថា ទាំងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែន ជាប្រមុខ និង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុនម៉ាណែត អគ្គបញ្ជាការងកងទ័ពជើងគោក តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងប្ដេជ្ញាចិត្តថា មិនឱ្យប្រជាពលរដ្ឋ ណាម្នាក់ ស្លាប់ដោយអត់បាយនោះឡើយ។ ចំពោះបញ្ហាទឹកជំនន់ ក៏ដូចជាបញ្ហា ជំងឺកូវិដ- 19 មិនមែនតែកម្ពុជាយើងទេ ដែលជួបនឹងបញ្ហានេះ គឺមានប្រទេសជាច្រើនដែរ ដែលរងគ្រោះដូចកម្ពុជាយើង។ លោកជំទាវក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ក៏ដូចជាការពារកូនចៅ ឲ្យផុតពីគ្រោះថ្នាក់ ដល់អាយុជីវិតដោយលង់ទឹក និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ជំងឺកូវិត-19 ឱ្យបានគ្រប់គ្នា។

     ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋទាំង 837 គ្រួសារនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ 50គីឡូក្រាម ព្រមទាំង  គ្រឿងឧបភោគបរិភោគ មួយចំនួនទៀត និងថវិកា 5 ម៉ឺនរៀល៕​