មន្ទីរកសិកម្មខេត្តសៀមរាបត្រៀមចែកពូជស្រូវនិងពូជដំណាំផ្សេងៗប្រមាណជាង៣០តោន ដល់កសិករដើម្បីធ្វើការស្តារឡើងវិញនៅពេលទឹកស្រក

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC. មន្ត្រីជំនាញកសិកម្មខេត្តសៀមរាបបានត្រៀមគ្រាប់ពូជស្រូវនិងបន្លែគ្រប់ប្រភេទប្រមាណជាង៣០តោន ដើម្បីចែកជូន ប្រជាពលរដ្ឋ បន្ទាប់ពីផ្ទៃដីកសិកម្មនៅក្នុងខេត្តសៀមរាបប្រមាណ២០០ហិកតាបានរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។

លោកទា គឹម សុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ថា នៅក្នុងខេត្តសៀមរាបផ្ទៃដីកសិកម្មដែលបានរងផលប៉ះពាល់និងខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ មានចំនួនប្រមាណ២០០ហិកតា ប៉ុន្តែមិនបានរងការខូចខាតទាំងស្រុងឡើយ គ្រាន់តែអាចថយទិន្នផលខ្លះប៉ុណ្ណោះ។

លោកបន្តថា នៅពេលឆាប់ៗនេះក្រោយពេលទឹកចាប់ផ្តើមស្រក មន្ទីរកសិកម្មបានត្រៀមពូជស្រូវស្រាល និងពូជដំណាំផ្សេងៗ ប្រមាណជាង៣០តោន ផ្តល់ជូនកសិករ ដើម្បីស្តារឡើងវិញពេលទឹកស្រក នៅតំបន់ដែលមានលក្ខណៈសមស្របទៅតាម ប្រភេទដំណាំ។

លោក​បញ្ជាក់​ថា​«និយាយទៅផលប៉ះពាល់នៅក្នុងខេត្តសៀមរាបហ្នឹង បើតាមខ្ញុំចុះពិនិត្យមើលមួយថ្ងៃពេញវាខូចខាតប្រហែល ២០០ហិកតាទេ ទាំងដំណាំរួមផ្សំ ហើយឥឡូវនេះផែនការ នៃការស្តារឡើងវិញ ឥឡូវយើងបានត្រៀមពូជ ជាក់ស្តែង ខេត្តសៀមរាបយើងបានត្រៀមពូជ៣៩តោន តែថ្ងៃមុនចែកអស់ខ្លះ នៅសល់២២តោន ត្រៀមទុកសម្រាប់ស្រុកនីមួយៗហ្នឹង ប៉ុន្តែនៅសៀមរាបប៉ះពាល់តែតំបន់ណាដែលនៅជាប់មាត់ស្ទឹងទេ ពីរបីបួនថ្ងៃបានវាស្រកអ៊ីចឹង តែការខូចខាតវាមិនធ្ងន់ធ្ងរអីទេ គ្រាន់តែថាត្រូវមួយហិកតា៣តោន នៅត្រឹមពីរតោន ពីរតោនកន្លះ កន្លែងខ្លះស្រូវវាចេញ ហើយកន្លែងខ្លះស្រូវទុំហើយ ក៏បានច្រូតទៅ។យើងត្រៀមថាឲ្យតែទឹកស្រកទៅវិញ យើងនឹងចាប់ផ្តើមចែកពូជបន្លែនិងពូជស្រូវឲ្យគាត់ស្តារឡើងវិញ ការចែកហ្នឹងចែកបានតែស្រុកណាដែលមានទំនប់មានអីដែរ»។ 

គួរជម្រាបផងដែរថានៅក្នុងខែតុលាឆ្នាំ២០២០នេះ ដោយសារឥទ្ធិពលនៃព្យុះបន្តបន្ទាប់ បានធ្វើឱ្យមានភ្លៀងធ្លាក់ពីមធ្យម ទៅច្រើន នៅទូទាំងខេត្តសៀមរាប ជាហេតុបណ្តាលឱ្យមានការប៉ះពាល់ ខូចខាតដល់ដំណាំស្រូវ និងដំណាំផ្សេងៗទៀត នៅតាម បណ្តាក្រុង-ស្រុកមួយចំនួនក្នុងខេត្តសៀមរាប៕