សាលាបឋមសិក្សាមួយក្នុងខណ្ឌដង្កោនឹងបើកដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល 

ភ្នំពេញ៖ សាលាបឋមសិក្សាមួយក្នុងខណ្ឌដង្កោ នឹងបើកដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ ដើម្បីឱ្យសិស្សានុសិស្សបានសិក្សាបន្តទៀត បន្ទាប់ពីផ្អាកការសិក្សាជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង ។ 

លោក ផុន ណាត នាយកសាលារៀនបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ស្ថិតក្នុងខណ្ឌដង្កោ បានឱ្យដឹងថា សាលាបឋមសិក្សាមួយនេះ នឹងបើកឲ្យសិស្សានុសិស្សចូលរៀនឡើងវិញ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះហើយ បន្ទាប់ពីសាលានេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារជំនន់ទឹកភ្លៀង។ លោកបានបន្តថា ការបើកឲ្យចូលរៀនឡើងវិញនេះ ដោយសារតែស្ថានភាពលិចនៅក្នុងសាលា មានសភាពថមថយនិងស្រកទៅវិញហើយ ។

លោកបានបញ្ជាក់ផងដែរថា ចំពោះការលិចសាលានេះ គឺលិចខ្លាំងតែក្នុងបរិវេណសាលារៀនតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងថ្នាក់រៀនវិញ គឺមានសភាពតិចតួច ដូច្នេះមិនតម្រូវឲ្យធ្វើការសម្អាតរយះពេលយូរនោះទេ។

លោក​បញ្ជាក់ថា​ សម្រាប់សាលានេះ វាលិចតែក្នុងទីធ្លាច្រើន ចូលក្នុងបន្ទប់រៀនវាមានលក្ខណៈតិចតួច អ៊ីចឹងខ្ញុំអត់ត្រូវការចំណាយពេលដើម្បីសម្អាតរយៈពេលវែង នឹងឱ្យសិស្សចូលរៀនវិញនោះទេ អ៊ីចឹងខ្ញុំអត់មានជាបញ្ហាធំដុំពេកទេ។ ខ្ញុំនឹងកំណត់ថ្ងៃចន្ទ និងផ្សព្វផ្សាយនៅតាមសហគមន៍ និងអាជ្ញាធរដែនដី ជួយជម្រាបជូនដល់អាណាព្យាបាលទាំងអស់ឱ្យសិស្សានុសិស្សចូលរៀននៅសាលានេះនៅថ្ងៃចន្ទ ទោះបីជាមានការជួបលំបាកតិចតួច ខ្ញុំនឹងកំណត់ចូលរៀនវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ចំពោះបញ្ហាទឹកជំនន់នេះ សម្រាប់ក្របខណ្ឌសាលាទូទាំងប្រទេស បានបង្កផលប៉ះពាល់ ដល់សាលាចំនួន៥៦៨សាលា  ក្នុងនោះសាលាចំនួន៤១៨ បានផ្អាកជាបណ្តោះអាសន្ន ៕​