អាជ្ញាធរខេត្តព្រះវិហារបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ បើទោះបីជាតំបន់មួយចំនួនជួបគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី


Mc ៖ អាជ្ញាធរខេត្តព្រះវិហារ នៅតែបន្តប្រុងប្រយត្ន័ចំពោះជំងឺកូវីដ-១៩ បើទោះបីជាតំបន់មួយចំនួនជួបគ្រោះទឹកជំនន់ ដើម្បីទប់ស្កាត់និងការពារជំងឺកូវីដ-១៩ កុំឱ្យមានការចម្លងចូលក្នុងសហគមន៍។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ថា តាមការណែនាំជាប់ជាប្រចាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងក្រសួងសុខាភិបាល បានធ្វើឱ្យខេត្តទប់ស្កាត់បាន នូវការរីករាលដាលនៃជំងឺនេះ ដែលកន្លងមកខេត្តព្រះវិហារឆ្លងជំងឺកូវីដ-១៩ មានតែ២ករណីប៉ុណ្ណោះរហូតដល់បច្ចុប្បន្ននេះ ។
បន្ថែមពីនេះ ឯកឧត្តមបានក្រើនរំលឹកដល់មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តដាក់ចេញវិធានការបន្ថែមលើការងារ ទប់ស្កាត់ បង្ការ កុំឱ្យបានការចម្លងចូលក្នុងសហគមន៍ បើទោះបីជាស្ថានភាពមានភាពធូរស្រាលនៅកម្ពុជា និងបង្កើនការ គ្រប់គ្រងប្រព័ន្ធសុខាភិបាលឲ្យបានល្អប្រសើរ ដើម្បីឱ្យអ្នកជំងឺមកទទួលសេវាសុខាភិបាលឱ្យបានច្រើន ជាពិសេស នៅក្នុងពេលដែលមានតំបន់មួយចំនួនជួបគ្រោះទឹកជំនន់នេះ។
សូមបញ្ជាក់ថា ខេត្តព្រះវិហារជាខេត្តជាប់ព្រំដែន និងជាគោលដៅទេសចរណ៍សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសញ្ញាប្រឈម ងាយឆ្លងជំងឺកូវីដ-១៩ ៕​