គម្រោងចាក់បេតុងរៀបខឿនសួនច្បារកណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២ នៅកំណាត់ផ្លូវជាតិលេខ៤ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ខែតុលានេះ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាបបានបញ្ជាក់ថា គម្រោងចាក់បេតុងរៀបខឿនសួនច្បារ កណ្តាលថ្នល់ពុះខ័ណ្ឌចែកទ្រូងផ្លូវជា២នៅកំណាត់ផ្លូវជាតិលេខ៤ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី២៣ ខែតុលានេះ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាបលរដ្ឋ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ វង្ស សំអាត អគ្គមេបញ្ជាការរងកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប និងជាអ្នកដឹកនាំគម្រោង សាងសង់នេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផែនការខ័ណ្ឌចែកពុះទ្រូងផ្លូវជាតិលេខ៤ ចាប់ពីមុខរោងចក្រស្រាបៀអង្គរ រហូតមកដល់មុខទីបញ្ជាការកងរាជអាវុធហត្ថ គឺត្រូវពង្រីកទទឹង២៩ម៉ែត្រ និងបណ្តោយ ៦៧០០ម៉ែត្រ ដោយធ្វើការខ័ណ្ឌចែកពុះទ្រូងផ្លូវដោយសួនច្បារដែលមានបណ្តោយ៦៧០០ម៉ែត្រដែរ  ។ ឯកឧត្តមបន្តថា ផ្លូវនេះគឺមានលក្ខណៈពិសេស ដែលមានទំហំផ្លូវធំ គឺមានផ្លូវ៣គន្លងទៅ និង៣គន្លងមក និងមានផ្លូវអាចឱ្យបត់ត្រឡប់ក្រោយ ២កន្លែង គឺនៅចំណុចក្បាលឆាយនិងជិតសាលាបឋមសិក្សាចំការកៅស៊ូ  ដែលអាចឱ្យរថយន្តកុងតឺន័រដែលមានខ្នាតវែងបំផុត អាចបត់បញ្ច្រាសគ្នាបានតែម្តង ។ ឯកឧត្តមបានបន្តថា ការបង្កើតឱ្យមានសួនច្បារខ័ណ្ឌចែកពុះទ្រូងផ្លូវនេះ នឹងអាចកាត់បន្ថយ នូវគ្រោះថ្នាក់ចរាចរណ៍និងបង្កើនសោភ័ណភាពរបស់ផ្លូវបន្ថែមទៀត ។ 

«សួនហ្នឹងគឺជាគ្រឿងលំអផង ការតុបតែងមួយខ័ណ្ឌពុះទ្រូងផ្លូវកុំឱ្យការធ្វើដំណើរមានគ្រោះថ្នាក់ ជែងគ្នាដោយគ្មានច្បាប់គ្មានទម្លាប់ផងខុសពីច្បាប់ចរាចរណ៍ហើយរក្សាបាននូវសោភ័ណភាពផ្លូវថ្នល់ មិនខុសពីគំនូសចរាចរណ៍ទេ គំនូសយើងគូសទៅលើកសោភ័ណភាពផ្លូវថ្នល់បានមួយកម្រិតដែរ ។ អ៊ីចឹងការពុះទ្រូងផ្លូវដោយធ្វើសួននេះ គឺវារក្សាបាននូវសោភ័ណភាពផ្លូវថ្នល់ផង រក្សាបាននូវសុវត្ថិភាពចរាចរណ៍ផង ដោយសារផ្លូវហ្នឹងវាធំទទឹងដល់២៩ម៉ែត្រ តែបើផ្លូវថ្នល់ហ្នឹងវាតូចយើងមិនអាចធ្វើសួនចំកណ្តាលបានទេ ព្រោះវានាំឱ្យផ្លូវកាន់តែចង្អៀតតូចទៅវិញ » ។

ឯកឧត្តមសូមអំពាវនាវដល់អ្នកបើកបរម៉ូតូ រថយន្ត តូច ធំ មេត្តាប្រុងប្រយត្ន័ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលកើតឡើង ជាយថាហេតុ និងបើកបរប្រុងប្រយត្ន័ទាំងអស់គ្នា ដើម្បីកម្ពុជាគ្មានគ្រោះថ្នាក់ចរាចរណ៏ ។

គួរកត់សម្គាល់ថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុង បន្ទាប់ពីទទួលរង ការខូចខាតដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ នឹងប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍និងធុរកិច្ច ជាពិសេសធានាបាននូវគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕