កម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពាក់កណ្ដាលឆ្នាំក្រោយ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ អាចនឹងមានប្រើប្រាស់ប្រហែលនៅពាក់កណ្តាលឆ្នាំក្រោយ  ខណៈដែលជំងឺនេះបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ នៅទូទាំងពិភពលោក។  

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ក្រោមកិច្ចប្រជុំក្នុងកម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាល រួមជាមួយអង្គការសុខភាពពិភពលោក អង្គការយូនីសែហ្វ និងសម្ព័ន្ធភាពអន្តរជាតិ សម្រាប់ចាក់ថ្នាំបង្ការនិងវ៉ាក់សាំង ស្ដីពីផែនការក្នុងតម្រូវការ ការបែងចែក និងនីតិវិធីនៃការគ្រប់គ្រងវ៉ាក់សាំង នៅពេលដែល វ៉ាក់សាំងមានការបែងចែកឱ្យប្រើប្រាស់ ដែលមកទល់ពេលនេះមានបេក្ខភាពវ៉ាក់សាំងប្រមាណ៩ ប្រភេទ ដែលអង្គការសុខភាពពិភពលោក កំពុងសិក្សាពិសោធន៍ និងពិនិត្យបន្ថែមលើគុណភាព និងវឌ្ឍនភាពខុសគ្នារបស់វា  ខណៈដែលបច្នុប្បន្នមិនទាន់មានការប្រកាសជាផ្លូវការ ថាវ៉ាក់សាំងប្រភេទណា ត្រូវបានអនុម័តប្រើប្រាស់នៅឡើយទេ។ 

លោក​ជំទាវ​បាន​បញ្ជាក់​ថា​ «តាមការប៉ាន់ស្មានរបស់អ្នកបច្ចេកទេសអង្គការសុភាពពិភពលោកថា ក្នុងរង្វង់ប្រហែលជាពាក់កណ្តាលឆ្នាំ២០២១ ប្រហែលជាអាចនឹងមានវ៉ាក់សាំងក្នុងចំណោម៨ឬ៩ហ្នឹង អាចនឹងមានវ៉ាក់សាំងមួយចំនួនយកមកប្រើប្រាស់បាន។ ហើយនៅក្នុងបេក្ខភាពនៃវ៉ាក់សាំងនេះ ដោយមានតម្រូវការនៃការរក្សាទុកគឺខុសៗគ្នា ដោយក្រុមហ៊ុនខ្លះតម្រូវឱ្យមាន ការរក្សាទុកចន្លោះដក៤០អង្សាសេ រហូតទៅដល់ដក៦០អង្សាសេ ហើយវ៉ាក់សាំងខ្លះទៀតគឺតម្រូវឱ្យបូក៤ឬ៥អង្សាសេ ឬ ៧ ទៅ៨អង្សាសេ។ អ៊ីចឹងលក្ខណៈនេះគឺវ៉ាក់សាំងមានលក្ខណៈខុសគ្នាទៀតក្នុងការទុកដាក់ ។  អ៊ីចឹងក្រុមការងារបស់យើង ពិភាក្សាគ្នាយ៉ាងលំអិត ថាតើស្របតាមទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជាបច្នុប្បន្ននេះយើងត្រូវការវ៉ាក់សាំងនេះបែបណា ដើម្បីងាយស្រួលក្នុងការទុកដាក់និងសមស្របជាមួយនឹងអ្វីដែលកម្មវិធីជាតិចាក់ថ្នាំបង្ការលោកកំពុងអនុវតន៍ដែលមានប្រព័ន្ធត្រជាក់ស្រាប់  ចៀសវាងការបង្កើតអ្វីដែលថ្មី ធ្វើឱ្យពិបាកក្នុងការគ្រប់គ្រង» ។    

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ប្រសិនបើវ៉ាក់សាំង ការពារវីរុសកូវីដ១៩នេះ ត្រូវបានទទួលស្គាល់ដោយ អង្គការសុខភាពពិភពលោក នោះកម្ពុជានឹងអាចទទួលបានវ៉ាក់សាំង៣ភាគរយនៃប្រជាជនសរុប ប្រមាណ៣លាននាក់  ហើយការប្រគល់វ៉ាក់សាំងនេះ ដោយធ្វើឡើងជាដំណាក់កាលៗ ដោយក្នុងនោះអន្តរជាតិបានណែនាំមកកម្ពុជាថា វ៉ាក់សាំងដែលបានមុនគួរប្រើប្រាស់ជាមួយ ក្រុមគ្រូពេទ្យជួរមុខ និងកងកម្លាំងដែលប្រឈមមុខខ្លាំងជាមួយវីរុស ក្រោយមកនឹងត្រូវប្រើប្រាស់ចំពោះវ័យចាស់ជរាដែលពួកគាត់មានហានិភ័យខ្ពស់ និងងាយឆ្លងជាងគេ៕