គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្តចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយសារទឹកជំនន់

 

វិទ្យុជាតិកម្ពុជា៖ដោយ អ៊ី កនិកា 

MC៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅតែបន្តចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅតំបន់រងគ្រោះដោយសារទឹកជំនន់ ដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដែលអាចកើតមានឡើង ជាយថាហេតុ។

ឯកឧត្តម ឃុន សុខា  អ្នកនាំពាក្យគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមរុករកសង្គ្រោះនិងកងកម្លាំងទាំងថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាននៅទូទាំងប្រទេស បានធ្វើសកម្មភាពដោយយកចិត្តទុកដាក់ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការសង្គ្រោះដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត មិនគិតពីការនឿយហត់និងការលំបាកនោះទេ។ឯកឧត្តម បានបន្តថា វិស័យឯកជនក៏បានផ្តល់ជំនួយជាថវិកាសម្បុរសធម៌ ក្នុងការជួយសង្គ្រោះផ្តល់នូវស្បៀងអាហារនិងទឹកស្អាត សម្ភារដែលចាំបាច់ដ៏ទៃទៀតដើម្បីជួយសម្រួលដល់ការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នេះ។ 

«កំពុងតែបន្តយ៉ាងស្រាក់ស្រាំដល់បណ្តាខេត្តដែលរងគ្រោះជាពិសេសខេត្តដែលរងធ្ងន់ធ្ងរជាងគេនៅបណ្តាស្រុកមួយចំនួន។កម្លាំងរុករកនិងសង្គ្រោះគឺមានច្រើន​ក្រុម ទី១ពីថ្នាក់ជាតិទៅកងកម្លាំងប្រដាប់អាវុធជាច្រើនដែលយើងបានបណ្តុះ បណ្តាលនិងបំពាក់សម្ភារសង្គ្រោះយ៉ាងច្រើន ដែលសម្តេច តេជោបានផ្តួចផ្តើមបានរៀបចំក្រុមនេះឡើងដើម្បីធ្វើការជួយ សង្គ្រោះរុករកជនរងគ្រោះដែលជួបគ្រោះមហន្តរាយ។រហូតមកដល់ពេលនេះក្រុមសង្គ្រោះនៅទូទាំងប្រទេសបានធ្វើសកម្មភាពជួយដល់ជនរងគ្រោះនិងឆ្លើយតបបានទៅនឹងការ ដឹកជញ្ជូនជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ថែរក្សាសុវត្ថិភាពនិងសណ្នាប់ធ្នាប់នៅក្នុងតំបន់ដែលរងគ្រោះ ព្រមទាំងការជម្លៀសទ្រព្យសម្បត្តិដែលចាំបាច់របស់ប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព»។

អ្នកស្រី អុំ ដាវី ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យបានគាំទ្រចំពោះ រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋបានល្អនៅក្នុងគ្រាអាសន្នមួយនេះ។ 

«រាជរដ្ឋាភិបាលបានចុះជួយអន្តរាគមន៍អរគុណទៅសម្តេចតេជោនិងកាកបាទក្រហមកម្ពុជាបានចុះទៅជួយមិនឲ្យ ប្រជាជនយើងពិបាកទេពួកខ្ញុំមានចិត្តរំភើបសប្បាយរីករាយ»៕​