រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបានអំណោយឧបត្ថម្ភពីក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេស

 

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា 

MC៖ រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបានអំណោយឧបត្ថម្ភពីក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេសដើម្បីជួយ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

      ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងនាមរដ្ឋបាលខេត្ត និងជាតំណាងឱ្យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេស ដែលបាននាំយកនូវអង្ករ និងគ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការ ស្បៀងជាចាំបាច់។

  ឯកឧត្តម បន្ថែមថា ការចូលរួមជាចំណែកមួយនៃការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ គឺជាការជួយគ្នាក្នុងគ្រាមានអាសន្ន ពិតជាមានគុណតម្លៃ និងគុណធម៌ធំធេងណាស់ ។ 

  ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេលជា ច្រើនថ្ងៃមក ធ្វើឱ្យខេត្តពោធិ៍សាត់ មានជំនន់ទឹកភ្លៀងតាមដងស្ទឹងពោធិ៍សាត់ និងរងផលប៉ះពាល់ដល់ក្រុង/ស្រុកចំនួន ៦ ក្នុងនោះ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានរងផលប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្ស៦នាក់ផងដែរ ។

 សូមបញ្ជាក់ថា អំណោយឧបត្ថម្ភដែលរដ្ឋបាលខេត្តពោធិ៍សាត់ ទទួលបានពីក្រុមហ៊ុន ធីអិល អ៊ែរ អិចប្រេស រួមមាន៖ អង្ករ២,៥តោន, ត្រីខ២៥០យួរ និងមី២៥០កេសតូច ៕