ស្ថានភាពទឹកស្ទឹងសង្កែខេត្តបាត់ដំបងគិតត្រឹមព្រឹកថ្ងៃទី២៣ខែតុលានេះមានកម្ពស់១៣ម៉ែត្រ

 

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី 

MC:មន្រ្តីជំនាញធនធានទឹកខេត្តបាត់ដំបងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣តុលានេះស្ថានភាពទឹកស្ទឹងសង្កែខេត្តបាត់ដំបង មានកម្ពស់១៣,១២ ម៉ែត្រ ពោលនៅមិនទាន់ឈានដល់ការប្រកាសអាសន្ននោះទេ។

    លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថាស្ថានភាព ទឹកស្ទឹងសង្កែ នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ទឹកមានកម្ពស់១៣,១២ម៉ែត្រ ហើយកម្រិតទឹកដែលត្រូវប្រកាស អាសន្ន គឺនៅ កម្ពស់១៣,៨៥ម៉ែត្រ។ 

លោកបានបន្តថា កម្ពស់ទឹកស្ទឹងសង្កែបានហក់ឡើងនេះដោយសារកាលពីថ្ងៃម្សិលមិញ មានភ្លៀងធ្លាក់នៅប៉ែកខាងលើនៃ ស្រុកសំឡូត មានចំនួនបីឃុំ បានធ្វើឱ្យទឹកក្នុងអាងដែលពេញស្រាប់​ ហក់ឡើងបន្តិច តែមិនមានផលប៉ះពាល់អ្វីទេ។ 

«ចំពោះបញ្ហាអាកាសធាតុដូចជាអត់មានបញ្ហាអីជាដុំកំភួនទៀតទេវាមិនទាន់ចប់ទេតែដល់ថ្ងៃទី២៦យើងអាចមានភ្លៀងតិចតួចទៀត មួយទៀតដែលក្នុងកម្រិតមួយដែលថាអត់មានឥទ្ធិពលអីដល់យើងទេ និយាយជារួមមិនមានឥទ្ធិពលអី ដែលធ្វើឱ្យយើងទទួលហានិភ័យពីទឹកភ្លៀងទៀតទេ ហើយមានន័យថាទឹកភ្លៀងនៅមានដែរតែនៅមានតិចតួច វាជិតអស់ អ៊ីចឹង »។

យ៉ាងណាក៏ដោយ លោកប្រធានមន្ទីរក៏បាន អំពាវនាវដល់បងប្អូនដែលកំពុងរស់នៅប្របមាត់ដងស្ទឹងសង្កែខេត្តបាត់ដំបង ជាពិសេសកុមារតូចៗនិងចាស់ជរា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ៕​