រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងព្រមានចំពោះព្យុះធូលីមកពីប្រទេសចិនដែលអាចនាំមកនូវមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — កាលពីដើមខែនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងថា មិនមានករណីឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសនេះទេ ដោយលោកបាននិយាយថា ជំងឺរាតត្បាតនេះត្រូវបានរារាំងដោយប្រជាជន និងគណបក្សពលករកូរ៉េ។

តាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់អ្នកការទូតបាននិយាយថា នាយកដ្ឋានពិធីសារនៃក្រសួងការបរទេសកូរ៉េខាងជើងបានប្រាប់ស្ថានទូតរុស្ស៊ីថា ដោយសារតែមានការរំពឹងទុកនូវការមកដល់របស់ព្យុះធូលីមួយមកពីប្រទេសចិន ជនបរទេសទាំងអស់នៅកូរ៉េខាងជើងត្រូវបានគេណែនាំឱ្យស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃទី ២២ ខែតុលា ហើយថែមទាំងឱ្យ «បិទបង្អួចទាំងអស់យ៉ាងតឹងរឹងផងដែរ»។

ស្ថានទូតរុស្ស៊ីបាននិយាយនៅលើបណ្តាញសង្គម Facebook ថា «ដូចដែលយើងត្រូវបានពន្យល់ហើយ វិធានការទាំងនេះ គឺដោយសារតែហេតុការណ៍ព្យុះនេះនាំមកនូវភាគល្អិតនៃធូលីលឿង ដែលជាមធ្យោបាយថ្មីមួយដែលអាចនាំយកមេរោគកូរ៉ូណាវីរុសឆ្លងចូលទៅក្នុងទឹកដីនៃសាធារណរដ្ឋនេះ។

សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា ស្ថានកុងស៊ុលរុស្ស៊ីនៅទីក្រុង Chongjin និងតំបន់កំពង់ផែ Rason បានទទួលសារស្រដៀងគ្នានេះដែរ។

ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍អំពីឧប្បត្តិហេតុនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើង ទីក្រុងព្យុងយ៉ាងបានបញ្ជាក់ថា ប្រទេសនេះបានគ្រប់គ្រងដើម្បីជៀសវាងការឆ្លងជំងឺនេះ។

ជាមួយគ្នានេះដែរ លោក គីម ជុងអ៊ុន បានកោតសរសើរអំពី «ភាពជោគជ័យដ៏អស្ចារ្យ» របស់កូរ៉េខាងជើងក្នុងការបង្ការការឆ្លងរាលដាលជំងឺរាតត្បាតនេះ ដោយលោកបានបញ្ជាក់ថា មិនមានករណីណាមួយនៃការឆ្លងវីរុសនេះទេ បើទោះបីជាប្រទេសនេះមានព្រំដែនជាប់ជាមួយប្រទេសចិនដែលជាកន្លែងរកឃើញមេរោគឆ្លងកូរ៉ូណាវីរុសនេះកាលពីខែធ្នូ ឆ្នាំ ២០១៩ ក៏ដោយ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)