ដំណោះស្រាយស្តីពីការទទួលស្គាល់ការ៉ាបាក់ត្រូវបានដាក់ជូនទៅសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — មជ្ឈមណ្ឌលព័ត៌មាននៃសាធារណរដ្ឋ NKR ដែលមិនមានការទទួលស្គាល់បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រសួងការបរទេសនៃការ៉ាបាក់ថា ដំណោះស្រាយមួយ ស្តីពីការទទួលស្គាល់សាធារណរដ្ឋ ណាហ្គោណូ-ការ៉ាបាក់ (NKR) ត្រូវបានដាក់ជូនទៅសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិករួចហើយ។

មជ្ឈមណ្ឌលព័ត៌មាននេះបាននិយាយនៅក្នុងបណ្តាញ Telegram របស់ខ្លួនថា «ដំណោះស្រាយមួយ ស្តីពីការទទួលស្គាល់ឯករាជ្យភាពរបស់ Artsakh [ការ៉ាបាក់] ត្រូវបានដាក់ជូនទៅសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក។ អ្នករៀបរៀងឡើងនូវដំណោះស្រាយនេះ គឺជាសមាជិកនៃសភាតំណាងរាស្រ្តអាមេរិក លោកស្រី Grace Napolitano»។

មជ្ឈមណ្ឌលព័ត៌មានបានដកស្រង់សំដីរបស់លោកស្រី Napolitano ថា «មាគ៌ាឆ្ពោះទៅមុខ គឺជាសេរីភាពមួយដែលនេះជាមូលហេតុដែលខ្ញុំអំពាវនាវនៅក្នុងថ្ងៃនេះសុំឱ្យមានការទទួលស្គាល់ជាផ្លូវការរបស់សហរដ្ឋអាមេរិកអំពីឯករាជ្យភាពរបស់សាធារណរដ្ឋ Artsakh»។

ការវាយប្រយុទ្ធគ្នានៅលើខ្សែបណ្តាញទំនាក់ទំនងនៅការ៉ាបាក់បានចាប់ផ្តើមកាលពីថ្ងៃទី ២៧ ខែកញ្ញា។ ប្រទេសអារមេនី និងអាស៊ែបៃហ្សង់ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការប្រទូសរ៉ាយនេះ។ ការ៉ាបាក់បានរាយការណ៍ថា មានការបាញ់កាំភ្លើងធំទៅលើទីតាំងលំនៅដោយសន្តិវិធីរបស់សាធារណរដ្ឋដែលមិនមានការទទួលស្គាល់ រួមទាំងរដ្ឋធានីរបស់វា គឺ Stepanakert ។ អារមេនីបានប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូង និងការប្រមូលផ្តុំទ័ពដោយអះអាងថា ទីក្រុងអង់ការ៉ាកំពុងគាំទ្រដល់ទីក្រុងបាគូ។ ការកៀរគរផ្នែកខ្លះក៏ត្រូវបានណែនាំផងដែរនៅអាស៊ែបៃហ្សង់៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)