ប្រទេសថៃបន្តការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយខែទៀត

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ – មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានយល់ព្រមបន្តការដាក់ប្រទេសក្នុងគ្រាអាសន្នទូទាំងប្រទេសសម្រាប់រយៈពេលមួយខែទៀត ដែលរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។

​យោងតាមអ្នកនាំពាក្យ CCSA លោក Taweesilp Vinsanuyothin បានឱ្យដឹងថា នៅពេលការបន្តរយៈពេលមួយខែនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីនៅសប្តាហ៍ក្រោយ វានឹងក្លាយជាការបន្តលើកទី ៧ ចាប់តាំងពីចេញបទបញ្ជានេះជាលើកដំបូងកាលពីក្នុងខែមីនា។

តាមការគ្រោងទុក CCSA នឹងពិភាក្សាជាផ្លូវការអំពីការកាត់បន្ថយពេលវេលានៃការធ្វើចត្តាឡីស័កសម្រាប់ប្រជាជនចូលមកពីបរទេស។

លោក Taweesilp បាននិយាយថា ប្រទេសជាច្រើនបានបង្ហាញក្តីសង្ឃឹមរបស់ពួកគេក្នុងការទទួលបានទិដ្ឋាការទេសចរណ៍ពិសេស (STV) ស្របពេលដែលវិស័យទេសចរណ៍ថៃមានបំណងទាក់ទាញអ្នកទេសចរឱ្យ បានច្រើន។ ប្រទេសថៃក៏គ្រោងនឹងអនុញ្ញាតឱ្យមានការឆ្លងកាត់នៅអាកាសយានដ្ឋាន ក៏ដូចជានាវាកំសាន្ត និងនាវាទេសចរណ៍ដើម្បីនាំភ្ញៀវទេសចរមកកាន់ប្រទេសនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បាននិយាយថា ក្រសួងកំពុងរៀបចំកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរមកនៅត្រឹម ១០ថ្ងៃ។

ប្រទេសថៃបានស្វាគមន៍ក្រុមភ្ញៀវទេសចរបរទេសដំបូងគេបន្ទាប់ពីដាក់ចេញកម្មវិធី STV កាលពីថ្ងៃទី ២០ ខែតុលា បន្ទាប់ពីការបិទប្រទេសអស់រយៈពេល ៧ខែដោយសារជំងឺរាតត្បាតកូវីដ-១៩ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)