ប្រទេសចិន និងគណៈកម្មការទន្លេមេគង្គ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្តល់ទិន្នន័យជលសាស្ត្រ

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២២ ខែតុលា ប្រទេសចិន និងគណៈកម្មការទន្លេមេគង្គ (MRC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលចិននឹងផ្តល់ឱ្យ MRC នូវទិន្នន័យជលសាស្រ្តពេញមួយឆ្នាំ ដែលរួមចំណែកដល់ការត្រួតពិនិត្យទឹកទន្លេឱ្យកាន់តែប្រសើរ និងការព្យាករអំពីទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងបណ្តាប្រទេសនៃតំបន់ទន្លេមេគង្គ។

នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC លោក An Pich Hatda បានពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រក្នុងកិច្ចសហប្រតិបត្តិការរវាងចិន – MRC ។

លោកបាននិយាយថា នៅពេលប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទឹកនៅក្នុងអាង និងដៃទន្លេ កំពុងចូលរួមចំណែកកាន់តែខ្លាំងឡើងដល់ការផ្លាស់ប្តូរលំហូរទឹកទន្លេ និងការប្រែប្រួលដែលអាចជះឥទ្ធិពលដល់សហគមន៍ទន្លេ ហើយការចែករំលែកទិន្នន័យប្រតិបត្តិការកាន់តែមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងទន្លេមេគង្គ។

ក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចែករំលែកទិន្នន័យកម្រិតទឹក និងជំនន់ទឹកភ្លៀងរបស់ខ្លួនក្នុងកំឡុងខែមិថុនា – ខែតុលាដែលជារដូវទឹកជំនន់ ពីស្ថានីយ៍ជលសាស្ត្រចំនួនពីរដែលស្ថិតនៅក្នុងខេត្តយូណានភាគនិរតីប្រទេសចិន។

ប៉ុន្តែនៅក្នុងបរិបទនៃភាពរាំងស្ងួតដែលកាន់តែអាក្រក់ទៅៗ MRC បានស្នើសុំឱ្យប្រទេសចិនផ្តល់ទិន្នន័យពេញមួយឆ្នាំដើម្បីជួយក្នុងការកំណត់មូលហេតុនៃទឹកមានកម្រិតទាបនៅតាមដងទន្លេ។

នៅក្នុងខែសីហាឆ្នាំនេះ នាយករដ្ឋមន្រ្តីចិន លោក Li Keqiang បានសន្យាចែករំលែកទិន្នន័យជលសាស្ត្រជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)