កិច្ចប្រជុំអាស៊ានលើកកម្ពស់ភាពជាសហគ្រិនភាពសម្រាប់ជនពិការ

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២២ ខែតុលា កិច្ចប្រជុំលើកទី ៤ នៃបណ្តាញអ្នកជំនាញស្តីពីសហគ្រិនភាពក្នុងអាស៊ាន (NIEA) ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ «លើកកម្ពស់ភាពជាសហគ្រិនភាពឆ្ពោះទៅរកសហគមន៍អាស៊ានដែលមានភាពស្អិតរមួត និងការឆ្លើយតប»។

កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃក្របខ័ណ្ឌយុទ្ធសាស្ត្រអាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម ដែលដឹកនាំដោយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម (MoLISA) ក្នុងរយៈពេលឆ្នាំ ២០២០-២០២១ ។

អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ គឺជាអ្នកទទួលបន្ទុកនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីសុខុមាលភាព និងការអភិវឌ្ឍសង្គម (SOMSWD) សមាជិក NIEA មកពីប្រទេសអាស៊ានទាំង ១០ តំណាងមកពីលេខាធិការដ្ឋានអាស៊ាន អង្គការដែលមានទំនាក់ទំនងជាមួយអាស៊ាន និងដៃគូអន្តរជាតិដូចជា សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី​ និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UNESCAP) ។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ ប្រធាននាយកដ្ឋានជំនួយសង្គមរបស់ MoLISA លោក Nguyen Van Hoi បានបញ្ជាក់អំពីតួនាទីរបស់ប្រទេសថៃក្នុងការបង្កើត និងសម្របសម្រួល NIEA ក្នុងអំឡុងឆ្នាំ ២០១៧-២០១៩ ។

ដោយមានសមាជិកប្រមាណជិត ៣០នាក់ បណ្តាញនេះបានចូលរួមចំណែកក្នុងការលើកកម្ពស់សហគ្រាសដែលគ្រប់គ្រងដោយជនពិការ (PWDs) បានចែករំលែកព័ត៌មានអំពីបញ្ហាដែលទាក់ទងនឹង PWD និងបានបង្កើនគុណភាពជីវិតរបស់ពួកគេ។

ដើម្បីជួយបដល់ណ្តាញនេះក្នុងការរក្សាតួនាទីរបស់ខ្លួន លោក Hoi បានស្នើឱ្យប្រទេសនានាអនុម័តគោលនយោបាយ និងកម្មវិធីជាច្រើនដើម្បីលើកកម្ពស់ការចូលរួមរបស់ PWD និងលើកកម្ពស់វិធីសាស្រ្តរបស់ពួកគេចំពោះឱកាសការងារ និងអាជីវកម្ម។

គណៈប្រតិភូទាំងអស់បានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថាប័ន និងគោលនយោបាយនានា ដើម្បីលើកកម្ពស់សហគ្រិនភាពសម្រាប់ PWDs នៅក្នុងបណ្តាប្រទេសអាស៊ាន តួនាទីរបស់ភាគីពាក់ព័ន្ធ ការលំបាក និងបញ្ហាប្រឈមនៅក្នុងកិច្ចខិតខំទាំងនេះ ការផ្សារភ្ជាប់ជាមួយនឹងការអនុវត្តផែនការមេអាស៊ានឆ្នាំ ២០២៥ ស្តីពីការបញ្ជ្រាបសិទ្ធិជនពិការ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិចដើម្បីជំរុញការចាប់ផ្តើមអាជីវកម្ម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)