កូរ៉េខាងត្បូងសន្យាផ្តល់ជំនួយមនុស្សធម៌ ១០លានដុល្លារអាមេរិកដល់តំបន់ដែលមានជម្លោះ Sahel

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃពុធ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០លានដុល្លារអាមេរិកដល់តំបន់ដែលគ្រប់គ្រងដោយវិបត្តិ Sahel នៅអាហ្វ្រិកខាងលិចសម្រាប់រយៈពេលឆ្នាំ ២០២០-២០២១ ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Lee Tae-ho បានបង្ហើបអំពីផែនការជំនួយនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំអន្តរជាតិកម្រិតខ្ពស់តាមវីដេអូ ដែលរៀបចំឡើងដោយប្រទេសដាណឺម៉ាក អាឡឺម៉ង់ សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដើម្បីជួយដោះស្រាយកង្វល់មនុស្សធម៌ដែលកំពុងកើនឡើងដែលទាក់ទងនឹងតំបន់ Sahel ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «លោក Lee បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយបុព្វហេតុសំខាន់ៗដែលនាំឱ្យមានអស្ថិរភាព និងវិបត្តិមនុស្សធម៌នៅក្នុងតំបន់ Sahel ដូចជាភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចខ្សោយជាដើម»។

សេចក្តីប្រកាសព័ត៌មានបាននិយាយបន្ថែមថា «ដើម្បីសម្រេចគោលដៅនេះ លោកបានបញ្ជាក់អំពីតម្រូវការសម្រាប់វិធីសាស្រ្តមួយដែលផ្អែកលើទស្សនវិស័យរយៈពេលវែងទាក់ទងនឹងការពង្រឹងសមត្ថភាពរដ្ឋាភិបាល និងការបង្កើតស្ថាប័ននានា»។

ផែនការជំនួយរបស់ប្រទេសកូរ៉េខាងត្បូងនេះរួមមាន កម្មវិធីដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចសាធារណៈដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ការធានាសន្តិសុខស្បៀងអាហារក្នុងតំបន់ ការផ្តល់ការអប់រំដល់ស្ត្រី និងក្មេងស្រី និងការជួយលើកកម្ពស់បរិស្ថានកសិកម្ម៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)