លោក Moon ពិភាក្សាជាមួយមេដឹកនាំឥណ្ឌា និងដាណឺម៉ាក ជុំវិញការប្រជែងយកតំណែងប្រធានអង្គការពាណិជ្ជកម្មពិភពលោក

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃពុធ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានបន្តកិច្ចសន្ទនាការទូតតាមទូរស័ព្ទរបស់លោកដើម្បីជួយរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Yoo Myung-hee យកឈ្នះការប្រកួតប្រជែងជាបន្តបន្ទាប់ដើម្បីក្លាយជាប្រធានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

យោងតាមលោក Kang Min-seok អ្នកនាំពាក្យរបស់ការិយាល័យ Cheong Wa Dae បានឱ្យដឹងថា លោក Moon បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីដាណឺម៉ាក លោក Mette Frederksen និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ហើយបានស្នើសុំការគាំទ្រសម្រាប់ការប្រកួតប្រជែងរបស់លោកស្រី Yoo ។

លោក Moon បាននិយាយថា លោកស្រី Yoo គឺជាបេក្ខភាពដែលមានជំនាញផ្នែកកិច្ចការពាណិជ្ជកម្ម និងភាពជាអ្នកដឹកនាំនយោបាយ ហើយលោកស្រីជាមនុស្សដែកសាកសមបំផុតដើម្បីកែលម្អផលប្រយោជន៍របស់បណ្តាប្រទេសនានាឱ្យមានភាពជឿនលឿន និងមានការអភិវឌ្ឍ ព្រមទាំងអនុវត្តកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោកបានដោយជោគជ័យ។

សន្ទនាជាមួយមេដឹកនាំដាណឺម៉ាក ប្រធានាធិបតីរូបនេះបានស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការទាក់ទងនឹងកិច្ចប្រជុំកំពូល P4G លើកទី ២ ដែលគ្រោងនឹងធ្វើនៅកូរ៉េខាងត្បូងក្នុងឆមាសទីមួយ ឆ្នាំ ២០២១ ។

លោក Kang បាននិយាយថា លោក Frederiksen បានយល់ព្រមធ្វើដូច្នេះ។ ប្រទេសដាណឺម៉ាកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល P4G ស្តីពីការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះដែរ លោក Moon និងលោក Modi បានឯកភាពគ្នាថា កូរ៉េខាងត្បូង និងឥណ្ឌា ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងយុគសម័យក្រោយការឆ្លងវីរុស ក៏ដូចជាឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រពិសេស៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)