ប្រមុខការពារជាតិកូរ៉េខាងត្បូង និងចិន ពិភាក្សាអំពីស្ថានភាពសន្តិសុខ ដោយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — ក្រសួងការពារជាតិនៃទីក្រុងសេអ៊ូលបាននិយាយថា ប្រមុខការពារជាតិកូរ៉េខាងត្បូង និងចិន បានពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េកាលពីថ្ងៃពុធ និងបានប្តេជ្ញាបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។​ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទនេះ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានពន្យល់អំពីកាលៈទេសៈសន្តិសុខថ្មីៗទៅកាន់សមភាគីចិនរបស់លោក គឺលោក Wei Fenghe និងបានស្នើសុំឱ្យទីក្រុងប៉េកាំងដើរតួនាទីស្ថាបនាសម្រាប់សន្តិភាព និងស្ថិរភាពនៅឧបទ្វីបនេះ។

យោងតាមក្រសួងនេះបានឱ្យដឹងថា លោក Wei បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកគោលដៅនោះ ខណៈដែលរក្សាទំនាក់ទំនងជិតស្និទ្ធរវាងយោធារបស់ពួកគេ និងជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ។

កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា បានបន្តពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ខ្លួន ចំពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានជាប់គាំងជាមួយសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលព្យុហយាត្រាយោធាដ៏ធំមួយកាលពីដើមខែនេះ ប្រទេសកុម្មុយនិស្តមួយនេះបានបង្ហាញគ្រាប់មីស៊ីលផ្លោងអន្តរទ្វីបថ្មី (ICBM) និងគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីបថ្មី (SLBM) ។

យោងតាមក្រសួងនេះបានឱ្យដឹងថា រដ្ឋមន្រ្តីចិនបានអបអរសាទរលោក Suh ចំពោះការឡើងកាន់តំណែងរបស់លោកកាលពីខែមុន និងបានថ្លែងអំណរគុណចំពោះការធ្វើមាតុភូមិនិវត្តន៍ទាហានរបស់ខ្លួនដែលត្រូវបានសម្លាប់ក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ដែលនៅសេសសល់។

ក្រសួងនេះបាននិយាយថា «រដ្ឋមន្រ្តីចិនបានអញ្ជើញលោក Suh មកប្រទេសរបស់គាត់។ ភាគីទាំងពីរបានឯកភាពគ្នាខិតខំបន្តការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរតាមរយៈបណ្តាញចម្រុះ រួមទាំងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទៅកាន់ប្រទេសរបស់គ្នាទៅវិញទៅមកក្នុងពេលវេលាដ៏សមរម្យមួយ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)