យ៉ាងហោចណាស់មនុស្ស ៣នាក់ស្លាប់ និង ១៥នាក់រងរបួសនៅក្នុងការផ្ទុះមួយនៅទីក្រុងធំបំផុតរបស់ប៉ាគីស្ថាន ចំពេលកំពុងមានវិបត្តិនយោបាយ

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — មនុស្ស ៦នាក់បានរងរបួសនៅក្នុងការផ្ទុះមួយនៅចំណតរថយន្ដក្រុងកាលពីថ្ងៃអង្គារនៅទីក្រុងការ៉ាជី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថានដែលមានប្រជាជនរស់នៅជាង ១៥លាននាក់។ អធិការប៉ូលីសនៅតំបន់ខាងត្បូងទីក្រុងការ៉ាជីបានបញ្ជាក់ថា គ្រាប់បែកត្រូវបានដាក់នៅខ្លោងទ្វារចំណតរថយន្តក្រុង។

នៅក្នុងការផ្ទុះលើកទី ២ ចាប់តាំងពីថ្ងៃអង្គារនៅទីក្រុងការ៉ាជី បានធ្វើឱ្យមនុស្ស ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយកាលពីថ្ងៃពុធ។ ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារពហុជាន់មួយនៅក្នុងតំបន់ Gulshan-e-Iqbal នៃទីក្រុងនេះ។

ផ្នែកខ្លះនៃអគារលំនៅដ្ឋាននេះបានដួលរលំបន្ទាប់ពីការផ្ទុះ។

កាលពីថ្ងៃអង្គារ មានការផ្ទុះមួយបានកើតឡើងនៅចំណតរថយន្ដក្រុងមួយក្នុងទីក្រុងការ៉ាជី ដោយមន្រ្តីប៉ូលីសក្រោយមកបាននិយាយថា វាបណ្តាលមកពីគ្រាប់បែកបញ្ជាពីចម្ងាយ។ គេនៅមិនទាន់ដឹងថានរណាជាអ្នកនៅពីក្រោយការផ្ទុះនៅថ្ងៃអង្គារនេះទេ។

ការផ្ទុះនេះបានកើតឡើងចំពេលដែលកំពុងមានភាពវឹកវរនយោបាយនៅក្នុងប្រទេសប៉ាគីស្ថាន ខណៈដែលមនុស្សរាប់ពាន់នាក់កំពុងប្រមូលផ្តុំគ្នាប្រឆាំងនឹងនាយករដ្ឋមន្រ្តី លោក Imran Khan ដែលពួកគេបានចោទប្រកាន់ថា ត្រូវបានតែងតាំងដោយយោធានៅក្នុងការបោះឆ្នោតដោយបន្លំក្នុងឆ្នាំ ២០១៨ ។ ក្រុមអ្នកតវ៉ាកំពុងទាមទារឱ្យលោកចុះចេញពីតំណែង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)