រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសនឹងធ្វើទស្សនកិច្ចទៅប្រទេសជប៉ុនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃសុក្រនេះ

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃពុធ ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសសម្រាប់ពាណិជ្ជកម្មអន្តរជាតិ លោកស្រី Elizabeth Truss នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីបន្ទាប់ពី Brexit ក្នុងនាមទីក្រុងឡុងដ៏។

ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងចក្រភពអង់គ្លេស និងជប៉ុន [EPA] ផ្តល់នូវក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគថ្មីដើម្បីជំនួសកិច្ចព្រមព្រៀង EPA រវាងសហភាពអឺរ៉ុប – ជប៉ុន ជាមួយចក្រភពអង់គ្លេសបន្ទាប់ពី Brexit»។

សេចក្តីថ្លែងការណ៍នេះបាននិយាយបន្ថែមថា អ្នកការទូតកំពូលរបស់ជប៉ុន គឺលោក Toshimitsu Motegi ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

នៅពេលដែលកិច្ចព្រមព្រៀងថ្មីនេះត្រូវបានចុះហត្ថលេខា ទីក្រុងតូក្យូនឹងស្វែងរកការផ្តល់សច្ចាប័នរបស់ខ្លួននៅក្នុងសភាដើម្បីឱ្យវាចូលជាធរមានចាប់ពីខែមករា ឆ្នាំ ២០២១។

កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា កិច្ចពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Truss គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ។ ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានដំបូងរបស់ពួកគេកាលពីថ្ងៃទី ១១ ខែកញ្ញា បន្ទាប់ពីចក្រភពអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុបកាលពីខែមករា។

ចក្រភពអង់គ្លេស និងជប៉ុន មានគោលបំណងបង្កើនបរិមាណពាណិជ្ជកម្មម្ហូបអាហារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងរថយន្ត ក៏ដូចជាផ្លាស់ប្តូរបុគ្គលិកដែលមានជំនាញខ្ពស់ផងដែរ។

ការពង្រីកកិច្ចសហប្រតិបត្តិការក៏ត្រូវបានគេរំពឹងទុកផងដែរនៅក្នុងវិស័យឌីជីថល សុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើណេត និងសេវាកម្មហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងវិស័យអ្នកប្រើប្រាស់ផងដែរ។ បណ្តាក្រុមហ៊ុនមកពីប្រទេសទាំងពីរក៏នឹងអាចទទួលបានអាជ្ញាប័ណ្ណ និងទិដ្ឋាការការងារសម្រាប់និយោជិតរបស់ពួកគេលឿនជាងមុនដើម្បីប្រតិបត្តិការនៅក្នុងទីផ្សាររៀងៗខ្លួន។

ចក្រភពអង់គ្លេសបាន និងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសមិនមែនសហភាពអឺរ៉ុប បន្ទាប់ពី Brexit ដែលបានធ្វើឡើងកាលពីថ្ងៃទី ៣១ ខែមករា៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)