ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ក្រុមប្រទេស CLMV គឺពឹងផ្អែកទៅលើសមត្ថភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — យោងតាមរបាយការណ៍ពី Maybank Kim Eng បានឱ្យដឹងថា ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងក្រុមប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) គឺពឹងផ្អែកទៅលើសមត្ថភាពក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អ្នកវិភាគ Linda Liu និង Chua Hak Bin បានរក្សាការព្យាករកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅត្រឹម +២,៩ភាគរយសម្រាប់ឆ្នាំ ២០២០ ប៉ុន្តែបានទម្លាក់ការព្យាករសម្រាប់ប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។ ពួកគេបាននិយាយថា ប្រទេសកម្ពុជានឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរាក់នៅឆ្នាំ ២០២០ (-១ភាគរយ) បន្ទាប់មកនឹងមានកំណើន ៥,៥ភាគរយនៅក្នុងឆ្នាំ ២០២១។

ទន្ទឹមនឹងនេះដែរ ខណៈដែលប្រទេសមីយ៉ាន់ម៉ា និងឡាវ អាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច ក៏ការជាសះស្បើយនៅតែស្ថិតក្នុងភាពស្រពិចស្រពិលដោយសារតែរលកទីពីរនៃការឆ្លងជំងឺកូវីដ-១៩។

ប្រទេសមីយ៉ាន់ម៉ា គឺជាចំណុចក្តៅចុងក្រោយបង្អស់នៅក្នុងក្រុមប្រទេស CLMV សម្រាប់ «រលកទី ២ ដ៏មហិមា» នៃរោគរាតត្បាតបានរាលដាលពេញប្រទេសចាប់តាំងពីចុងខែសីហាមក។ គិតត្រឹមថ្ងៃទី ១៨ ខែតុលា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានចំនួនសរុប ៣៤.៨៧៥នាក់ និងមានមនុស្សស្លាប់ ៨៣៨នាក់។ ចាប់តាំងពីពេលនោះមក ប្រទេសនេះបានដាក់កម្រិតការធ្វើដំណើរក្នុងស្រុកឡើងវិញ និងបានបិទទីក្រុងយ៉ាំងហ្គោន និងបណ្តាខេត្តនៅក្បែរៗនោះ។ រោងចក្រកាត់ដេរភាគច្រើននៅទីក្រុងយ៉ាំងហ្គោនក៏ត្រូវបានបញ្ជាឱ្យបិទទ្វារផងដែររហូតដល់ថ្ងៃទី ២០ ខែតុលា។

របាយការណ៍នេះបានបញ្ជាក់ថា ការបោះឆ្នោតសកលឆ្នាំ ២០២០ របស់មីយ៉ាន់ម៉ាដែលគ្រោងធ្វើនៅថ្ងៃទី ៨ ខែវិច្ឆិកា នឹងត្រូវធ្វើឡើងនៅពេលដែលប្រទេសនេះកំពុងប្រឈមនឹងការឆ្លងរាលដាលដ៏សំខាន់នៃរលកទីពីរនៃជំងឺកូវីដ-១៩ ។ ដូច្នេះ ពួកគេអាចបង្កើនហានិភ័យផ្នែកសុខភាពដែលធ្វើឱ្យមានការរីករាលដាល និងបង្អាក់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)