វៀតណាមគាំទ្រដល់ការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៅឈូងសមុទ្រពែរ្ស

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Dang Minh Khoi បាននិយាយថា ដោយសារទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់នៅឈូងសមុទ្រពែរ្ស និងមជ្ឈឹមបូព៌ា ប្រទេសវៀតណាមមានឆន្ទៈរួមចំណែកក្នុងការបង្កើតបរិយាកាសមួយដែលសម្របសម្រួលដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

លោកបានធ្វើការកត់សម្គាល់ដូចនេះនៅឯកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ «ការពិនិត្យឡើងវិញដ៏ទូលំទូលាយនៃស្ថានភាពនៅក្នុងតំបន់ឈូងសមុទ្រពែរ្ស» ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញ។

លោក Khoi បាននិយាយថា ប្រសិនបើមិនបានដោះស្រាយឱ្យបានត្រឹមត្រូវទេ អស្ថេរភាពថ្មីៗនៅក្នុងឈូងសមុទ្រពែរ្សអាចនាំឱ្យមានផលវិបាកដែលមិនអាចទាយទុកជាមុនបាន ដែលទាក់ទងនឹងជម្លោះ និងវិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ីរី យេម៉ែន លីប៊ី ប៉ាឡេស្ទីន និងលីបង់។

លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់មានតួនាទី និងទំនួលខុសត្រូវសំខាន់ៗក្នុងការធានានូវសន្តិភាព និងស្ថេរភាពក្នុងតំបន់ ដោយលោកបាននិយាយបន្ថែមថា វាជាការចាំបាច់ដែលត្រូវមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តជាអន្តរជាតិ។

លោក Khoi បានកត់សម្គាល់ថា វាក៏ចាំបាច់ផងដែរសម្រាប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាព ឬការប្រកាសនានាដែលអាចធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញ និងត្រូវខិតខំប្រឹងប្រែងជំរុញកិច្ចពិភាក្សា និងកិច្ចចរចាសំដៅដោះស្រាយភាពខុសគ្នា។

នេះ គឺជាពេលវេលាសមស្របមួយដែលត្រូវពិចារណា និងអនុវត្តសកម្មភាពជាក់លាក់ដើម្បីនាំឱ្យមានសញ្ញាណនៃយន្តការសន្តិសុខសមូហភាពនៅឈូងសមុទ្រពែរ្សឱ្យក្លាយជាការពិត។ យន្តការបែបនេះគួរតែត្រូវនឹងលក្ខខណ្ឌក្នុងតំបន់ ហើយត្រូវឈរលើគោលការណ៍ក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគឺប្រទេសដែលមានសមភាពអធិបតេយ្យបូរណភាពទឹកដី អហិង្សា និងការដោះស្រាយជម្លោះដោយសន្តិវិធី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)