រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ២០២០

MC:  រដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេច ផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់នៅកម្ពុជា តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

   សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅល្ងាចនេះ បានឱ្យដឹងថា ជំនួយសង្គ្រោះបន្ទាន់ ដល់ប្រជាជនរងគ្រោះដោយសារ ទឹកជំនន់នៅកម្ពុជាទាំងនោះមានដូចជា៖ តង់ចំនួន២០០ ឧបករណ៍ចម្រោះទឹក ចំនួន២០ ភួយចំនួន៧៨០ ម៉ាស៊ីនភ្លើងចំនួន៥គ្រឿង កម្រាល ប្លាស្ទីកចំនួន៧០ កម្រាលគេងចំនួន៧៨០ និងធុងទឹកចំនួន២០០

   ស្ថានទូតជប៉ុន បានបញ្ជាក់ថា សម្ភារទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះ ហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។

    ស្ថានទូតជប៉ុន បានបួងសួងឱ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕