ប្រជាពលរដ្ឋចំនួន ៣៩ នាក់ បានរងគ្រោះដល់អាយុជីវិត ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី២២ ខែតុលា

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ —

គិតត្រឹមល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ៣៩នាក់ហើយ ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀង (ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ច្រើនជាងគេ) ដែលបាន និងកំពុងវាយប្រហាររាជធានី-ខេត្ត ចំនួន១៩ ស្មើនឹង ១១០ ក្រុង/ស្រុក/ខណ្ឌ។ នេះបើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ទទួលបាននៅថ្ងៃនេះ។

របាយការណ៍ បញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។ល។ ខណៈជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ដល់ប្រជាជនប្រមាណ ១២០ ៧៨៥ គ្រួសារ ស្មើនឹង ៤៨៣ ១៤០ នាក់ ហើយជំនន់នេះបានជន់លិចស្រូវ ប្រមាណ ២៣២ ៥៥១ ហិកតា រួមនឹងដំណាំរួមផ្សំប្រមាណ ៨៣ ៩១៨ ហិកតា ទៀតផងដែរ។

គួររម្លឹកថា ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ បានប៉ះពាល់ស្ទើរតែគ្រប់រាជធានី-ខេត្ត ជាពិសេសខេត្តភាគពាយ័ព្យដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ប៉ុន្តែរហូតពេលនេះស្ថានភាពនៃជំនន់ទឹកភ្លៀងហាក់បានធូរស្រាល ច្រើនរាជធានីខេត្ត លើកលែងតែខេត្តបន្ទាយមានជ័យ ដែលកំពុងបន្តជន់លិច ខណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញទៅពិនិត្យ សួរសុខទុក្ខ និងចែកអំណោយ នៅខេត្តបន្ទាយមានជ័យ ជាលើកទី២ នៅចុងសប្តាហ៍នេះ៕

ដោយ ផែន រតនៈ