ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាត​ឱ្យប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២០

នា​ថ្ងៃព្រហស្បតិ៍ ៦កើត ខែ​កត្តិក ឆ្នាំ​ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២០ នៅទីស្តីការក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យ លោក Masahiro Miyao ប្រធានតំណាង អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការ គួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អាណត្តិបេសកកម្ម នៅកម្ពុជា ក្នុងខែតុលានេះ និងលោក​ស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដីបានសម្ដែងការស្វាគមន៍ និងបាន​វាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មការងាររបស់លោក Masashiro Miyao កន្លងមក ដែលលោកជាប្រធានតំណាងប្រចាំកម្ពុជាទី៣នៃអង្គការJETRO និង​បាន​សម្តែង​ការ​អបអរសាទរ ចំពោះលោកស្រី Marisa Haruta ប្រធានតំណាងអង្គការ JETRO ថ្មីប្រចាំកម្ពុជា ដោយសង្ឃឹមថា ក្នុងអាណត្តិបំពេញការងាររបស់លោកស្រី លោកស្រីនឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងការបន្ដលើកកម្ពស់ ទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ជប៉ុន។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និង​បាន​លើកទឹកចិត្តឱ្យមានការ នាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ឱ្យ បានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។

ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញការ​ស្វាគមន៍ចំពោះការបន្ដកិច្ចការ និងគាំទ្រក្រុមហ៊ុនជប៉ុនក្នុងការធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដោយ​បាន​គូសបញ្ជាក់ថា ក្រសួង​នឹងបន្ដសហប្រតិបត្តិការជាមួយអង្គការ JETRO ក្នុងការគាំទ្រ អាជីវកម្មជប៉ុននៅកម្ពុជា។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រីបានមាន​ប្រសាសន៍អំពីគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករ ខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផល របស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ។

ដោយ​ឡែក លោក Masashiro Miyao បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយ ចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិន មកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពសម្រាប់វិនិយោគិនជប៉ុន ហើយក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យ កសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួង​ពាណិជ្ជកម្ម)