បេក្ខជនត្រៀមប្រឡងឌីប្លូម និងបាក់ឌុបខិតខំធ្វើស្វ័យសិក្សាទ្វេដង ដើម្បីប្រឡងជាប់និងទទួលបាននិទ្ទេសល្អ

វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេញ៖ បេក្ខជនត្រៀមប្រឡងឌីប្លូម និងបាក់ឌុបខិតខំធ្វើស្វ័យសិក្សាទ្វេដង ដើម្បីទទួលបានជ័យលាភី​ក្នុងការ​ប្រឡង ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

ប្អូនប្រុស ប៊ុន រ៉ុង សិស្សថ្នាក់ទី៩ នៃវិទ្យាល័យបាក់ទូក បានត្រៀមខ្លួនរួចជាស្រេច និងបានខិតខំធ្វើរាល់លំហាត់ ដែលគ្រូដាក់ឱ្យ ខិតខំទន្ទេញមេរៀន ព្រមទាំងស្រាវជ្រាវនូវមេរៀនផ្សេងៗដែលពាក់ព័ន្ធ តាមរយៈប្រព័ន្ធអេឡិច​ត្រូនិក បន្ថែមទៀត។ យុវជនរូបនេះបន្តថា ក្រៅពីការសិក្សាជាមួយគ្រូនៅសាលារៀន ពេលត្រឡប់មកដល់ផ្ទះវិញ ប្អូនបានខិតខំ ស្វែងរកនូវមេរៀនចាស់ៗ និងមេរៀនថ្មីៗ យកមកសិក្សាបន្ថែមទៀត ដើម្បីទទួលបាននិទ្ទេស​ល្អក្នុងថ្ងៃប្រឡងខាងមុខ។
សំឡេង៖ មុនប្រឡងឌីប្លូម ខ្ញុំត្រៀមខ្លួនហើយដោយមើលមេរៀន ស្រាវជ្រាវបន្ថែម រៀនតាមរយៈអនឡាញបានខ្លះ ហើយមើលទៅតាមហ្នឹង ហើយព្រមទាំងស្រាវជ្រាវមើលមេរៀនតាមការប្រឡងឆមាស ក្រដាសប្រឡងឆមាសទី១និងទី២ យើងយកមកមើលឡើងវិញ យើងរំលឹកឡើងវិញ ថែមទាំងមើលតាមសៀវភៅពុម្ព និងតាមgoogle ជាដើម។
ចំណែកឯ កញ្ញា ខៀវ លីលី ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន សៀមរាបក៏មិនខុសពីសិស្សានុសិស្សផ្សេងទៀតដែរ គឺនាងបានត្រៀមខ្លួនរួចរាល់ក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អ គឺខិតខំប្រឹងប្រែងក្នុងការរៀនសូត្រ យកចិត្តទុកដាក់ស្តាប់នូវអ្វីដែលគ្រូពន្យល់ ខិតខំធ្វើលំហាត់ និងមើលមេរៀន ដែលលោកគ្រូអ្នកគ្រូដាក់ឱ្យធ្វើ ព្រមទាំងខំប្រឹងសិក្សាបន្ថែមនៅផ្ទះ និងព្យាយាមលៃពេលវេលាសម្រាប់សិក្សានៅមុខវិជ្ជាផ្សេងៗពីគ្នា។
សំឡេង៖ »ជាដំបូងខ្ញុំធ្វើលំហាត់នៅពេលដែលយើងទៅរៀននៅសាលា ជាមួយគ្រូផ្ទាល់ គ្រូដាក់លំហាត់ឱ្យយើងធ្វើ អ៊ីចឹងមកដល់ផ្ទះយើងត្រូវតែដាច់ខាតត្រូវតែធ្វើលំហាត់ ដែលគ្រូដាក់ឲ្យយើង ហើយមួយវិញទៀត បន្ទាប់ពីធ្វើកិច្ចការគ្រូដាក់ឱ្យ ហ្នឹងហើយ ខ្ញុំស្រាវជ្រាវលំហាត់តាមប្រព័ន្ធអ៊ីនធឺណិត ខ្ញុំឆែកមើលតាមផេកក្រសួង ។ ទោះបីខ្ញុំមិនមែនសិស្សពូកែ ក៏ខ្ញុំរៀនធ្វើដើម្បីអោយចេះចាំស្ទាត់ ហើយដើម្បីយកទៅប្រឡង ចំពោះមេរៀនទន្ទេញ ឧទាហរណ៍ដូចជា ប្រវត្តិ ជីវៈ ខ្ញុំតែងតែយកមើលគ្រប់ទាំងអស់ ប៉ុន្តែទោះបីខ្ញុំអត់ចាំទាំងអស់ ខ្ញុំក៏អាចចាំបានខ្លះ មួយវិញទៀតធ្វើលំហាត់ ក្នុងមួយថ្ងៃយើងមិនអាចធ្វើលំហាត់ ដូចដឹងហើយ មានគីមី រូប គណិត ជីវៈ អញ្ចឹងក្នុងមួយថ្ងៃហ្នឹង យើងអត់អាចធ្វើលំហាត់ទាំងបួនហ្នឹងបានទេ យើងត្រូវលៃពេល ឧទាហរណ៍ក្នុងមួយអាទិត្យ ចន្ទ អង្គារ ពុធ យើងធ្វើលំហាត់ណា ដល់ពេលព្រហស្បតិ៍សុក្រ យើងធ្វើលំហាត់មួយណា ហើយ សៅរ៍ អាទិត្យ យើងធ្វើមួយណា សម្រាប់ខ្ញុំគឺខ្ញុំរៀបកាលវិភាគខ្លួនឯង»។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ មិនបន្ធូរបន្ថយគុណភាពប្រឡងឡើយ ពោលគឺគោរពស្តង់ដារដដែល ដោយចេះគឺជាប់ បើទោះបីជា សាលាបានអាក់ខានបង្រៀនដោយសារជំងឺកូវីដ-១៩ដ៏ដោយ៕