ការចូលរួមរបស់សហគមន៍មូលដ្ឋានជារឿងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍន៍នៅមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស


ភ្នំពេញ៖ ការចូលរួមរបស់សហគមន៍មូលដ្ឋាន គឺជាធាតុមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាការអភិវឌ្ឍនៅមូលដ្ឋាន ។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមពីសំណាក់សហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរ និង ក្នុងតំបន់ការពារធម្មជាតិនោះ ពិតជាមានសារសំខាន់ណាស់ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យមាននិរន្តរភាព ព្រមទាំងបាននិងកំពុងប្រើប្រាស់ធនធានធម្មជាតិទាំងនេះសម្រាប់ បំពេញតម្រូវការក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃទៀតផង ។
លោកជំទាវក៏បានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីជាប្រយោជន៍សហគមន៍និងប្រទេសជាតិរបស់យើង ជាពិសេសចូលរួមជាមតិយោបល់ ដើម្បីប្រមូលធាតុចូល សម្រាប់រៀបចំផែនការអនុវត្តសកម្មភាព បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានឱ្យដឹងថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការរបស់ក្រសួងបរិស្ថាន បាននិងកំពុងដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាក្នុងការចូលរួមអភិរក្សតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ និងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគាំទ្រ ជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមពីសាធារណជនទូទៅ និងសហគមន៍មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ តាមរយៈការរៀបចំបង្កើតជាសហគមន៍នេសាទ សហគមន៍ព្រៃឈើ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយុទ្ធសាស្ត្រសមស្រប សំដៅធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន៕