សម្តេចតេជោផ្ញើសារទៅក្រុមប្រឆាំង បើចង់បានសន្ដិភាពខាងផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ១០ ២០២០

MC៖  សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ញើសារនយោបាយ ទៅក្រុមប្រឆាំង បើចង់បានសន្ដិភាពខាងផ្លូវចិត្ត កុំប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាគ្មានសង្គ្រាមឡើយ មានតែការអភិវឌ្ឍស្ទើរគ្រប់វិស័យ ។

    ថ្លែងក្នុងពេលអញ្ជើញសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែ តុលា នាខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ   ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានមានប្រសាសន៍ថា ថ្វីដ្បិត តែកម្ពុជាជួបប្រទះនូវបញ្ហាទឹកជំនន់និងជំងឺកូវីដ-១៩ ក៏ប៉ុន្តែអ្វីដែលប្រាកដ គឺកម្ពុជា គ្មានសង្រ្គោម គ្មានការស្លាប់ដោយគ្រាប់កាំភ្លើងនោះទេ ដែលនេះបង្ហាញចេញពីកត្តា សុខសន្តិភាព ។ សម្តេចតេជោបន្តថា សន្តិភាព គឺគ្មានការប្រយុទ្ធ ឬវាយគ្នានោះទេ ហើយកម្ពុជាកំពុងដើរបំផ្លាញនូវគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ ដើម្បីសុវត្ថិភាពសម្រាប់ ប្រជាពលរដ្ឋ  ។ សម្តេចតេជោ បានលើកឧទាហរណ៍ថា សន្តិភាពផ្លូវចិត្តមិនមែនរាប់តែ ប្រជាពលរដ្ឋដែលអនុវត្តខុសជាមួយនឹងច្បាប់របស់រដ្ឋនោះទេ ប៉ុន្តែចំពោះបុរសដែល ក្បត់ប្រពន្ធឬស្រ្តីដែលមានសាហាយ ក៏អត់មានសន្តិភាពខាងផ្លូវចិត្តនោះដែរ ព្រោះខ្លាចប្រពន្ធឬប្តីដឹង ។ សម្តេចតេជោ បានបញ្ជាក់ថា កាលណាដែលធ្វើខុស គឺគ្មានសន្តិភាពខាងផ្លូវចិត្ត បើចង់មានសន្តិភាពខាងផ្លូវចិត្ត កុំធ្វើអ្វីឱ្យខុស មិនថាជាកំហុសទៅលើផ្លូវរដ្ឋ កំហុសបញ្ហាទៅលើសាសនា ឬ កំហុសបញ្ហាទៅលើក្រុមគ្រួសារ ។
សម្តេច​បញ្ជាក់ថា​«គេថាកម្ពុជាមិនទាន់មានសន្តិភាពទេ ដោយសារតែគេមិនទាន់មានសន្តិភាព ខាងផ្លូវចិត្ត គេថាសន្តិភាពទាល់តែមានទាំងអស់ វាមានសន្តិភាពទាំងគេហៅថា ទាំងរូបីនិងអរូបីគេចង់និយាយអ៊ីចឹងគេថា គេមិនទាន់មានសន្តិភាពខាងផ្លូវចិត្តទេ ខ្ញុំគ្រាន់តែនិយាយត្រឡប់ទៅវិញថា បើចង់មានសន្ដិភាពខាងផ្លូវចិត្តកុំធ្វើអ្វីឱ្យ ខុសអាហ្នឹងសន្ដិភាពហើយ ។ ហើយបើខ្លួនឯងធ្វើខុសច្បាប់ ខ្លួនឯងនៅតែភ័យខ្លាចរហូត អ៊ីចឹងវាអត់មានសន្តិភាពខាងផ្លូវចិត្តទេ បើចង់មានសន្ដិភាពខាងផ្លូវចិត្ត ទាល់តែអ្នកឯងគោរពច្បាប់ កុំធ្វើខុសទៅអាហ្នឹងសន្ដិភាព ខាងផ្លូវចិត្តហើយ » ៕