សត្វផ្សោតចំនួន២៥ក្បាល បាត់ដានពីការអង្កេតរបស់ក្រុមអ្នកជំនាញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ១០ ២០២០


MC: អ្នកជំនាញ បានឱ្យដឹងថា សត្វផ្សោតមេគង្គនៅកម្ពុជាចំនួន២៥ក្បាល បានបាត់ដានពីការអង្កេតចន្លោះពីឆ្នាំ២០១៩ដល់ឆ្នាំ២០២០ដោយមិនដឹងមូលហេតុ ខណៈការសិក្សាថ្មីបានរកឃើញវត្តមានប្រភេទសត្វកម្រនេះ កំពុងរស់នៅតាមបណ្តោយ ទន្លេមេគង្គកម្ពុជាក្នុងកម្រិតជឿជាក់ចំនួន៨៩ក្បាលក្នុងពេលបច្ចុប្បន្ន។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ចំនួនសត្វផ្សោត២៥ក្បាល ដែលបានកត់ត្រាក្នុងឆ្នាំ២០១៧ មិនត្រូវបានរកឃើញក្នុងអំឡុងពេលកត់ត្រាក្នុងឆ្នាំ២០២០នេះទេ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វ ផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នៅទីស្តីការរដ្ឋបាលជលផល ព្រឹកថ្ងៃទី២២ ខែតុលានេះ លោកសន្និដ្ឋានថា សត្វផ្សោតដែលបាត់ពីការតាមដាននេះមិនមានសញ្ញាណាមួយដែល បញ្ជាក់ថា ពួកវាបានស្លាប់នោះទេ ដោយពួកវាអាចផ្លាស់ទី ឬចល័តទៅរស់នៅតាម ដៃទន្លេតូចៗដែលបែកខ្នែងពីទន្លេធំ ខណៈការសិក្សាធ្វើឡើងតែទៅលើតួមេនៃទន្លេ ដែលជាផ្លូវសំខាន់សម្រាប់ការសិក្សាកន្លងមក។ លោកមានប្រសាសន៍ថា «រាល់ផ្សោតទាំងអស់ មាននៅក្នុងទិន្នន័យរបស់អ្នកស្រាវជ្រាវ តាមរយៈរូបភាព ដែលថតបានរាប់លានសន្លឹក។» លោកបន្តថា ក្រុមការងាររបស់រដ្ឋបាលជលផល និង ក្រុមអ្នកស្រាវជ្រាវរបស់អង្គការ WWF កំពុងតែតាមដានអំពីការផ្លាស់ទីរបស់ពួកវា។
យោងការសិក្សាអង្កេតរបស់ក្រុមជំនាញរដ្ឋបាលជលផល និងក្រុមអ្នកស្រាវជ្រាវអង្គការ WWFទៅលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គនៅកម្ពុជានាឆ្នាំ២០២០នេះ បានបង្ហាញ ថា មានចំនួន៨៩ក្បាល ដែលជាចំនួនមួយស្ថិតក្នុងកម្រិតជឿជាក់បាន៩៥ភាគរយ ខណៈចំនួនប៉ាន់ប្រមាណស្ថិតនៅក្នុងចន្លោះពី៧៨ទៅ១០២ក្បាល។ អត្រានៃចំនួនសត្វផ្សោតអាចរស់រានមានជីវិត អត្រានៃកំណើនសត្វផ្សោត និងអត្រានៃ ចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណ ដោយផ្អែកលើចំនួនសត្វផ្សោត ដែលអ្នកជំនាញស្គាល់ភិនភាគ ទៅលើស្នាមឆែកនៃ ព្រុយខ្នង។
បើតាមការបញ្ជាក់របស់លោក សេង ទៀក បានឱ្យដឹងថា អន្លង់ដែលសត្វផ្សោតមេគង្គ នៅកម្ពុជារស់នៅគឺមានចំនួន៩អន្លង់ គិតចាប់ពីអន្លង់ព្រែកកាំពីក្នុងភូមិសាស្ត្រខេត្តក្រចេះ រហូតដល់ល្បាក់ខោនព្រំដែនកម្ពុជា-ឡាវ ប៉ុន្តែក្នុងចំណោមអន្លង់ទាំងអស់នេះ គឺមានតែចំនួន៣អន្លង់ប៉ុណ្ណោះមានដូចជា៖ អន្លង់ព្រែកកាំពី អន្លង់កាងកូនសត្វ និង អន្លង់ឈើទាលនៅជាប់ព្រំប្រទល់រវាងកម្ពុជា និងឡាវដែលពួកវារស់នៅច្រើនជាងគេ។ ចំណែកអន្លង់ចំនួន៦ទៀតមានដូចជា៖ អន្លង់កន្ទុយកោះរងាវ អន្លង់កោះក្តៅ អន្លង់ខ្សាច់ម្កាក់ អន្លង់ត្បូងខ្លា អន្លង់សៀមបូក និងអន្លង់សំប៉ាន ត្រូវបានក្រុមអ្នកអង្កេត កត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ ពួកផ្សោតអត់បានចូលទៅរស់នៅទីនោះទេ។
ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអេស្កាប់(ESCAP) និងជាអគ្គនាយករងនៃរដ្ឋបាលជលផល បានជំរុញឱ្យភាគីពាក់ព័ន្ធ និងប្រជាសហគមន៍ ចូលរួមការពារ និងអភិរក្សថនិកសត្វរស់នៅក្នុងទឹកសាបដ៏កម្រនេះ សម្រាប់ឱ្យមនុស្សជាតិ ជំនាន់ក្រោយៗបានស្គាល់ និងសម្រាប់ទុកទាក់ទាញដល់វិស័យអេកូទេសចរណ៍ ខណៈ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងដូចជា៖ ការទាក់ជាប់ទៅនឹងមងនេសាទ នៅក្នុង តំបន់គ្រប់គ្រងនិងការពារសត្វ,សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ឆក់, នុយនេសាទដែលមានជាតិពុលនិងការនេសាទហួសកម្រិត ព្រមទាំងទំនប់វារីអគ្គិសនីនៅចរន្តទឹកខាងលើ ជាដើម។
សត្វផ្សោត Irrawaddy ឬសត្វផ្សោតទន្លេមេគង្គ គឺជាសត្វផ្សោតទឹកសាបមួយប្រភេទ ក្នុងចំណោមសត្វផ្សោតទឹកសាបសរុបតែចំនួន៧ប្រភេទគត់នៅក្នុងពិភពលោក។ បច្ចុប្បន្ន ថនិកសត្វមួយនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវរកឃើញមានវត្តមានច្រើនជាងគេតែនៅ ក្នុងទន្លេមេគង្គកម្ពុជា ទន្លេក្នុងប្រទេសមីយ៉ាន់ម៉ា ទន្លេក្នុងប្រទេសឥណ្ឌូនេស៊ី បឹងមួយក្នុង ប្រទេសថៃ និងឥណ្ឌាប៉ុណ្ណោះ។ប៉ុន្តែចំនួននៃវត្តមាននេះ ត្រូវបានអង្គការសហភាព អន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាប្រភេទជិតផុតពូជ៕​