មកដល់ពេលនេះ មិនទាន់មានករណីធនាគារឬមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិរបស់ ពលរដ្ឋឡើយ

វិទ្យុជាតិកម្ពុជា៖ដោយ កញ្ញា អ៊ី កនិកា ២២.១០.២០២០

MC៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថា មកដល់ពេលនេះមិនទាន់មានករណីធនាគារឬមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិរបស់ ពលរដ្ឋឡើយ ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងគ្រោះជំនន់ទឹកភ្លៀង ដោយសារតែ រាជរដ្ឋាភិបាលមានកិច្ចសម្របសម្រួលបានយ៉ាងល្អរវាងធនាគារជាតិកម្ពុជានិងធនាគារ ឯកជនដ៏ទៃទៀត ឱ្យមានការយោគយល់ចំពោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ ឬខ្វះលទ្ធភាពក្នុងការសង។

ថ្លែងក្នុងឱកាសអញ្ជើញសួរសុខទុក្ខនិងចែកអំណោយ ជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា នាខេត្តបន្ទាយមានជ័យ សម្ដេច តេជោ នាយករដ្ឋមន្រ្តីបាន បញ្ជាក់ថា  ប្រជាពលរដ្ឋបានបាត់បង់ប្រាក់ចំណូល មិនអាចសងបំណុលជូនធនាគារបាន ដោយសារតែជួបបញ្ហាផលលំបាកនៃជំងឺកូវីដ-១៩ និងគ្រោះជំនន់ទឹកភ្លៀង ហេតុដូច្នេះហើយ ទើបសម្ដេចបានធ្វើការអំពាវនាវចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ទាំងអស់យោគយល់ ពន្យារពេលនៃការសងប្រាក់  និងកុំមានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

សម្តេច​បញ្ជាក់ថា​ «ខ្ញុំពិតជាមានការរីករាយដោយសារម្សិលមិញខ្ញុំបានអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុយោគយល់ការលំបាកអធ្យាស្រ័យចំពោះអ្នកដែលជំពាក់ប្រាក់។អ៊ីចឹងសមាគមមីក្រូហិរញ្ញវត្ថុបានទទួលយកដោយការពេញចិត្តដើម្បីធ្វើការអធ្យាស្រ័យជាមួយអ្នករងផលប៉ះពាល់គ្រោះទឹកជំនន់ចឹងបន្ទាប់ពីការថ្លែងការរបស់នាយករដ្ឋមន្ត្រីនៅ ខេត្តបន្ទាយមានជ័យគឺគេទទួលយកនោះហើយជាកាយវិការនៃការទទួលខុសត្រូវនឹងការចូលរួមបើនិយាយដំណាក់ផ្នែកកូវីដវិញយើងបានរៀបចំឥណទានឡើងវិញរហូតជាង២៦ម៉ឺនគ្រួសារក្នុងទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារបានរៀបចំឥណទានឡើងវិញមកដល់ពេលនេះមិនទាន់មានការរឹបអូសណាមួយកើតឡើងចំពោះប្រជាពលរដ្ឋដែលបានបាត់ បង់ក្នុងការលំបាកនៃកូវីដឥឡូវមិនមែនតែកូវីដទេគឺ វិបត្តិការលិចលង់។ទន្ទឹមនឹងនេះស្តាប់បាននឹងការពេញចិត្តនេះខ្ញុំសូមឱ្យខាងអាជ្ញាធរមើលការខុសត្រូវរឿងនេះជាមួយមីក្រូហិរញ្ញវត្ថុហើយអ្នកដែលបាត់បង់ពិតប្រាកដមានការខូតខាតពន្យារពេលទៅលើអត្រាការប្រាក់ឬឱ្យខ្ចីលុយបន្ថែមទៀតដើម្បីយកមកស្តារឡើងវិញ»៕​