អាជ្ញាធរស្រុកសូទ្រនិគមចុះសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦ចាប់ពីព្រំប្រទល់ ស្រុកជីក្រែងដល់ព្រំប្រទល់ស្រុកប្រាសាទបាគង

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប 

MC.អាជ្ញាធរស្រុកសូទ្រនិគមចុះសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦ចាប់ពីព្រំប្រទល់ស្រុកជីក្រែងដល់ព្រំប្រទល់ស្រុកប្រាសាទបាគងដើម្បីរក្សាសោភ័ណភាព អនាម័យនៅមូលដ្ឋានខ្លួន ឱ្យកាន់តែស្រស់ស្អាត។

ថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា លោកស្រី ហេង គុណវុទ្ធី ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសូទ្រនិគម ខេត្តសៀមរាបបានឱ្យដឹងថា ការប្រមូលសំរាមតាមដងប្រឡាយ និងកាប់ឆ្ការព្រៃ នៅតាមដងផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមនេះ មានចម្ងាយប្រមាណ ជាង១០គីឡូម៉ែត្រ  ក្នុងគោលបំណង ដើម្បីថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន ឱ្យមានភាពស្រស់បំព្រងនិងបំផុសស្មារតីនៃការចូលរួមទប់ស្កាត់ការបោះចោលសំរាមនៅតាមទីសាធារណៈរបស់ប្រជាពលរដ្ឋ។

លោកស្រីបន្តថា យុទ្ធនាការនេះអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំស្រុក  ក្រោយពីសំអាតបរិស្ថានរួចរាល់ហើយ ក៏គ្រោងនឹងដាក់ភ្លើងសូឡា ដើម្បីបំភ្លឺ តាមដងផ្លូវខាងលើ នៅទីតាំងសំខាន់ៗនានា ធ្វើយ៉ាងណាកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ 

លោក​ស្រី​បញ្ជាក់​ថា​ តាមផែនការរបស់ខេត្ត ជាពិសេសរបស់លោកអភិបាលស្រុក ដាក់បញ្ជាតាមឃុំ និងសហការគ្នា ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថាន ចុះសំអាតសំរាម ព្រោះរដូវទឹកជំនន់មក សំរាមអណ្តែតមកតាមដងផ្លូវ លោកឱ្យសំអាត សំខាន់ព្រៃដែលដុះ មកតាមដងផ្លូវគាត់ឱ្យសំអាត នេះជាផែនការរបស់អភិបាលស្រុក គោលបំណង ដែលយើងធ្វើការសំអាត ធ្វើម៉េចឱ្យបរិស្ថានស្អាត និងការរស់នៅរបស់យើងស្អាត មានអនាម័យ មានសោភ័ណភាពរបស់ស្រុកយើង។

សូមជម្រាបផងដែរថា ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសូទ្រនិគម បានសហការជាមួយរដ្ឋបាលឃុំចំនួន៣មានឃុំកៀនសង្កែ ឃុំដំដែក និង ឃុំខ្ចាស់  បាន ចុះសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦ចាប់ពីព្រំប្រទល់ស្រុកជីក្រែងដល់ព្រំប្រទល់ ស្រុកប្រាសាទបាគង មានប្រវែងសរុបជាង១០គីឡូម៉ែត្រ។នេះគឺជាភាពជាម្ចាស់ការនៃការគ្រប់គ្រងនិងសម្អាតអនាម័យបរិស្ថាននៅតាមមូលដ្ឋាន របស់ខ្លួន ហើយក៏ជាការបង្ហាញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចគាំពារបរិស្ថាននិងធនធានធម្មជាតិ៕