ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងឡើងដល់៣៦នាក់ហើយ គិតត្រឹមថ្ងៃ២២តុលានេះ

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ធីណា ឌីណេ

MC៖ចំនួនអ្នកស្លាប់ដោយជំនន់ទឹកភ្លៀងបានឡើងដល់៣៦នាក់ហើយ គិតត្រឹមថ្ងៃ ទី២២ខែតុលានេះ និងប្រជាជនជាង៤ម៉ឺននាក់បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលានេះថា គិតចាប់ពីថ្ងៃទី១ កញ្ញា ដល់ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាជនជម្លៀសប្រមាណ ១១,៥២៩គ្រួសារ ស្មើប្រមាណ ៤៦,១១៦នាក់។ ប្រជាជនស្លាប់ ៣៦នាក់ ( កើននៅខេត្តបន្ទាយមានជ័យម្នាក់ និងខេត្តកំពង់ធំម្នាក់ )។ រីឯផ្ទះប៉ះពាល់ប្រមាណ ១០៦,៨៨៧ ខ្នង និងខូចខាត ៦៣ខ្នង។ សាលារៀនលិចទឹកប្រមាណ ៧០៧ កន្លែង។ ស្រូវលិចទឹកប្រមាណ ២៣២,២៩៩ ហិកតា និងដំណាំរួមផ្សំលិចទឹក៨៣,៧២៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ១៦៦៥គ.ម។

សេចក្តីប្រកាសបានឱ្យដឹងទៀតថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩ រាជធានី-ខេត្ត ស្មើ ១១០ ក្រុងស្រុកខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ៕