កម្មវិធីស្បៀងអាហារពិភពលោក បន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា 

MC៖កម្មវិធីស្បៀងអាហារពិភពលោកនៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កុមារកម្ពុជាដែលកំពុងត្រូវការកិច្ចគាំពារនេះ។

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមាន ប្រសាសន៍ថា កម្មវិធីស្បៀងអាហារពិភពលោក នៅតែបន្តជួយឧបត្ថម្ភគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដ៏ល្អ ជាពិសេសជាមួយក្រសួងផែនការ ដោយបន្តនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងការឧបត្ថម្ភ គាំទ្រលើការងារ ធ្វើឱ្យប្រសើរឡើងនូវទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងជនងាយរងគ្រោះ, ប្រព័ន្ធទិន្នន័យតាមប្រព័ន្ធឌីជីថល, កម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងអាហារ, ការងារអង្កេតសេដ្ឋកិច្ច-សង្គមកិច្ច, ការងារអង្កេតប្រជាសាស្ត្រ និងសុខភាព រួមនិងការងារអង្កេតសំខាន់ៗមួយចំនួនទៀតផងដែរ។ 

ឯកឧត្តមបានបន្តថា នាឆ្នាំក្រោយក្រសួងផែនការរួមនិងដៃគូជំនួយ នឹងចាប់ផ្តើម ដំណើរការការងារអង្កេតចន្លោះជំរឿនកសិកម្ម , អង្កេតប្រជាសាស្ត្រ និងសុខភាព ដែលជាប្រភពទិន្នន័យបន្ថែម សម្រាប់ចូលរួមដំណើរការវាយតម្លៃអំពីស្ថានភាព សុខភាពនៃប្រជាពលរដ្ឋកម្ពុជា ដើម្បីរៀបចំជាគោលនយោបាយគាំទ្រដល់ការអនុវត្ត និងសម្រេចបានក្នុងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសកល ,ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា, ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ Claire Conan តំណាង នាយកកម្មវិធីស្បៀងអាហារពិភពលោក(WFP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងភាពជាដៃគូ រវាងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងរាជរដ្ឋាភិបាលកម្ពុជា  និងជាមួយក្រសួងផែនការ ដែលក្នុងនោះកម្មវិធីស្បៀងអាហារពិភពលោក  បានឧបត្ថម្ភគាំទ្រ និងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានផែនការ និង វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ 

សូមបញ្ជាក់ថា កម្ពុជាកំពុងមានការប្រឈមខ្លាំង ដោយសារជំនន់ទឹកភ្លៀង និងបញ្ហាការរីករាលដាលជំងឺកូវីដ-១៩ ហើយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនក្រីក្រ និងងាយរងគ្រោះ ដោយបានផ្តល់ប្រាក់ ឧបត្ថម្ភជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ តាមរយៈកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានអនុវត្តចំនួន៤ជុំរួចមកហើយ នឹងបន្តបើកផ្តល់រហូតដល់ ចុងឆ្នាំ២០២០នេះ៕