អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង អំពាវនាវឱ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានជោគជ័យ

 

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ

MC៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន អំពាវនាវឱ្យគ្រប់សមាសភាពពាក់ព័ន្ធ ទាំងអស់ បន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែសកម្មថែមទៀតដើម្បីទទួលបាន ជោគជ័យ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យបញ្ចប់គោលការណ៍ណែនាំនៃការព្យាបាល វិបត្តិបណ្តាលមកពី ការប្រើប្រាស់អាភៀនលើសកម្រិត នៅខេត្តសៀមរាប លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា  ការផ្សព្វផ្សាយ អប់រំធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងពីគ្រឿងញៀន និងការងារព្យាបាលអ្នកញៀនគ្រឿងញៀន គឺនៅតែចាំបាច់ដែលត្រូវតែរួមគ្នាដោះស្រាយ។  ហេតុដូច្នេះ លោកបានអំពាវនាវឱ្យគ្រប់ សមាសភាពពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យទទួលបាន ជោគជ័យ និងរួមសហការគ្នាថែមទៀត រវាងវិស័យអនុវត្តច្បាប់ វិស័យសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព។លោកបន្តថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងមិន ទទួលបានជោគជ័យទេ ប្រសិនបើមិនមានកិច្ចសហការពហុវិស័យបែបនេះ។

ជាមួយគ្នានេះ លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងដោយសង្ឃឹមមុតមាំថា គោលការណ៍ណែនាំនៃការព្យាបាលវិបត្តិបណ្តាលមកពីការប្រើប្រាស់អាភៀនលើស កម្រិត នឹងក្លាយជាឧបករណ៍ស្តង់ដារសម្រាប់ផ្តល់សេវាសង្គ្រោះបន្ទាន់ដល់អ្នក ប្រើប្រាស់អាភៀនលើសកម្រិត ដែលអាចអនុវត្តបានទាំងអស់គ្នា ស្របតាមតម្រូវការ និងបរិបទជាក់ស្តែងនៃប្រទេសកម្ពុជាយើង។

  បើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានបង្ហាញថា នៅឆ្នាំ២០២០ នេះ លើសកលលោកមានអ្នកប្រើប្រាស់គ្រឿងញៀនប្រមាណ ២៦៩ លាននាក់ ដែលក្នុងនោះប្រមាណ ៣៥លាននាក់ ជាអ្នកញៀនគ្រឿងញៀន ហើយអ្នកប្រើប្រាស់អាភៀនមានប្រមាណ ៥៨ លាននាក់ ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីអ្នកប្រើប្រាស់កញ្ឆាដែលមានប្រមាណ ១៩២ លាននាក់៕