ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តប្រែក្លាយតំបន់សមរភូមិនិងព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ មិត្តភាព និងសហប្រតិបត្តិការ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

MC៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តប្រែក្លាយតំបន់សមរភូមិនិងព្រំដែនឱ្យក្លាយជាតំបន់ អភិវឌ្ឍន៍ មិត្តភាព និងសហប្រតិបត្តិការ ខណៈការចាប់ផ្ដើមអភិវឌ្ឍគឺកើតចេញពីកត្តា សន្តិភាព និងការមានយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។

ថ្លែងក្នុងពិធីអញ្ជើញសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ នៅព្រឹកថ្ងៃទី២២ ខែតុលា នាខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រោយបញ្ចប់ សង្គ្រាមក្នុងឆ្នាំ១៩៩៨ជាមួយនិងនយោបាយឈ្នះឈ្នះ សម្តេចបានដាក់ចេញនូវ យុទ្ធសាស្រ្តគោលដៅធំ២ គឺ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់ដែលមាន ការអភិវឌ្ឍន៍ មានទីផ្សារ សាលារៀននិង មន្ទីរពេទ្យជាដើម ។ សម្តេចតេជោ បន្តថា ចំពោះគោលដៅទី២ គឺយើងប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។

សម្តេច​បញ្ជាក់ថា​«ហើយខ្ញុំដាក់ចេញគោលដៅធំ២ គេហៅថា ទី១ ប្រែក្លាយអតីតសមរភូមិ ទាំងអស់ឱ្យទៅជាទីផ្សារនិងជាតំបន់អភិវឌ្ឍន៍ អ៊ីចឹងតំបន់វាយគ្នាទាំងអស់ យើងកំពុងអភិវឌ្ឍនៅសល់តិចតួចណាស់ដែលយើងមិនទាន់អភិវឌ្ឍ ដោយសារកន្លែងនោះវានៅសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ។ អ៊ីចឹងឥឡូវតំបន់ដែលធ្លាប់វាយគ្នា ធ្លាប់រត់លូន អ្នកថ្មពួកក៏ធ្លាប់រត់ អ្នកថ្មពួកយើងនេះក៏ធ្លាប់គ្រប់គ្រងដោយរដ្ឋកម្ពុជា បន្ទាប់មកក៏ធ្លាប់គ្រប់គ្រង ដោយហ៊្វុនស៊ិនប៉ិច ដោយយើងដេញហ៊្វុនស៊ិនប៉ិចចេញទៅក៏យើងគ្រប់គ្រងឡើងវិញ តែទីចុងបំផុតខ្មែរនិងខ្មែរវាយគ្នាឯង ។ អ៊ីចឹងតាមរយៈនយោបាយឈ្នះឈ្នះនេះ យើងប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ជាតំបន់អភិវឌ្ឍន៍ ។ ឯទិសដៅមួយទៀតប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនមិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ។ ដូច្នេះបានជាយើងជាមួយប្រទេសថៃ យើងជាមួយប្រទេសវៀតណាម ជាមួយប្រទេសឡាវ រកស៊ីជាមួយគ្នា ទំហំពាណិជ្ជកម្មជាមួយយើងនឹងថៃ ប្រមាណជា៧ពាន់លានដុល្លារ ទំហំពាណិជ្ជកម្មជាមួយយើងនឹងវៀតណាម ប្រមាណជា៥ពាន់លានដុល្លារ បើទោះបីមានជំងឺកូវីដ-១៩ក៏ដោយ ការឆ្លងកាត់ទៅមកជួបគ្នាមានការលំបាក ក៏ប៉ុន្តែចរាចរណ៍ទំនិញនៅធម្មតា » ៕