អភិបាលរាជធានីភ្នំពេញបញ្ជាឱ្យខណ្ឌទំាង១៤បង្កើនការការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ខែតុលាស្អែកនេះ

វិទ្យុជាតិកម្ពុជា ៖ ដោយ​ លោក​ ហុក​ សុខរិន​ និង​ លោក​ ចន​ ណារិទ្ធ​


MC៖ អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខណ្ឌទំាង១៤បង្កើនការការពារសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់នៅថ្ងៃទី២៣ខែតុលាស្អែកនេះ ដើម្បីធានាបានសុវត្ថិភាពជូន ប្រជាពលរដ្ឋនិងសណ្តាប់ធ្នាប់សង្គម។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែតុលានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យកម្លំាងចម្រុះ និងអាជ្ញាធរ មូលដ្ឋានខណ្ឌទំាង១៤ ដាក់កម្លំាងល្បាតប្រចាំការនៅទីតំាងសំខាន់ៗ ដើម្បីទប់ស្កាត់ ការប្រមូលផ្តុំខុសច្បាប់គ្រប់រូបភាព ក្នុងគោលដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម។
ការបង្កើនកិច្ចគាំពារសង្គមនេះបានធ្វើឡើង ដោយសារតែក្រុមឧទ្ទាមក្រៅច្បាប់និង អង្គការសង្គមស៊ីវិលមួយចំនួនបានត្រៀមផែនការប្រមូលផ្តុំកម្លំាងដោយខុសច្បាប់នៅថ្ងៃទី២៣ ខែតុលា ដែលជាខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ដើម្បីប្រឆំាងតវ៉ា នៅគោលដៅមួយចំនួនក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមឃួងស្រេងបានបញ្ជាក់ថា ផែនការប្រមូលផ្តុំរបស់ក្រុមអមិត្តនេះ គឺជាសកម្មភាព ផ្ទុយនឹងច្បាប់ ដែលកម្លំាងសមត្ថកិច្ចមិនអាចមើលស្រាលបានឡើយ ពោលគឺត្រូវតែ ទប់ស្កាត់ឱ្យខាងតែបាន ដើម្បីធានាសុវត្ថិភាពសង្គម នឹងមិនឱ្យក្រុមណាមួយមកបំផ្លាញ សេចក្តីសុខរបស់ប្រជាពលរដ្ឋបានឡើយ។
កាលពីថ្ងៃទី២១ ខែតុលាម្សិលម៉ិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំ កម្ពុជានាថ្ងៃទី២៣ខែតុលានេះ ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះជាសកម្មភាពខុស ច្បាប់។
សម្តេចតេជោបានបញ្ជាក់ថាខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅ ទីក្រុងភ្នំពេញប្រយ័ត្នប្រយែង គេកំពុងទឹកលិចកុំមករញ៉េរញ៉ៃ មុខសញ្ញាអ្នកឯង គេគ្រប់គ្រងបានហើយ៕​