សម្តេចតេជោហ៊ុនសែនបន្តចុះចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹក ជំនន់នៅគោលដៅទី២ចំនួន ៥០០០ គ្រួសារ នៅបរិវេណខាងជើងរង្វង់មូល ផ្លូវជាតិលេខ៥៨ ក្រុងប៉ោយប៉ែត

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលាដដែលនេះ  បន្ទាប់ពីជួបសំណេះសំណាលសួរ សុខទុក្ខនិងចែក អំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥០០០គ្រួសារ នៅគោលដៅទី១ស្ថិតនៅបរិវេណផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួករួចហើយ នោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាល និង សួរសុខទុក្ខព្រមទាំងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀងចំនួន ៥០០០គ្រួសារទៀត នៅគោលដៅទី២ ក្នុងបរិវេណខាងជើងរង្វង់មូល ផ្លូវជាតិលេខ៥៨ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ 

សម្តេចតេជោហ៊ុនសែន អញ្ចើញទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខទុក្ខនិង ជួយឧបត្ថម្ភប្រជាជនប្រមាណ២ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតបណ្តាលមកពី ជំនន់ទឹកភ្លៀង។

សូមជម្រាបថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោបានអញ្ជើញចុះ ជួបសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ហើយនៅថ្ងៃទី ២២ ខែតុលានេះមានចំនួន១ម៉ឺនគ្រួសារទៀត។សរុបពីរថ្ងៃ គឺថ្ងៃទី២១និងទី២២ខែតុលានេះ មានចំនួន២ម៉ឺនគ្រួសារ ។

អំណោយរបស់សម្ដេចតេជោហ៊ុនសែនដែលចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម, មីមួយកេសតូច, ទឹកស៊ីអ៊ីវ១ យួរ ទឹកត្រី១យួរ ,ត្រីខ ១០កំប៉ុង, ទឹកសុទ្ធ១កេស, ឃីត១ (ភួយ១ ម៉ុង១ កន្ទេល ១ សារុង១ ក្រម៉ា១ លុយ៥ម៉ឺនរៀល)ក្នុង១គ្រួសារ ។ 

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យនេះ រយៈពេល២ថ្ងៃបន្តទៀត គឺថ្ងៃទី ២៤- ២៥ ខែតុលា ឆ្នាំ២០២០ ដើម្បីជួបសំណេះ សំណាលសួរសុខទុក្ខនិងចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀង ដែលនៅមិនទាន់បានទទួលអំណោយចំនួនប្រមាណ២ម៉ឺនគ្រួសារទៀត នៅស្រុកអូរជ្រៅនិងស្រុកម៉ាឡៃ៕