អ្នកជំនាញ អះអាងថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជាពុំមានការធ្លាក់ចុះនោះឡើយ

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ១០ ២០២០

MC: អ្នកជំនាញ អះអាងថា ចំនួនសត្វផ្សោតមេគង្គនៅកម្ពុជាពុំមានការធ្លាក់ចុះ នោះឡើយ បើធៀបនឹងចំនួនដែលបានកត់ត្រានៅក្នុងឆ្នាំ២០១៧ មានប្រហែល ៩២ក្បាល។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានបញ្ជាក់ថា ការសិក្សាទៅលើចំនួនសត្វផ្សោតទន្លេមេគង្គនាឆ្នាំ២០២០នេះ បង្ហាញថា ពួកវាមានចំនួន៨៩ក្បាលដែលជាចំនួនមួយស្ថិតក្នុងកម្រិតជឿជាក់បាន ៩៥ភាគរយ ខណៈ ចំនួនប៉ាន់ប្រមាណស្ថិតនៅក្នុងចន្លោះពី៧៨ ទៅ១០២ក្បាល។
ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពីការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ នៅទីស្តីការរដ្ឋបាលជលផល ព្រឹកថ្ងៃទី២២ ខែតុលានេះ លោកបានអះអាងថា អត្រានៃចំនួនសត្វផ្សោត អាចរស់រានមានជីវិត អត្រានៃកំណើន សត្វផ្សោត និងអត្រានៃចំនួនសត្វផ្សោតថ្មី ដែលបានកត់ត្រាបញ្ចូលទៅក្នុងចំនួនសរុប ត្រូវបានប៉ាន់ប្រមាណដោយផ្អែកលើចំនួនសត្វផ្សោតដែលអ្នកជំនាញស្គាល់ភិនភាគដូចជាស្នាមឆែកនៃព្រុយខ្នងជាដើម។
ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាសត្វផ្សោតក្នុងវ័យជំទង់ចំនួន១៣ក្បាលក្នុងឆ្នាំ២០១៥, ១៨ក្បាលក្នុងឆ្នាំ២០១៧ និង១៦ក្នុងឆ្នាំ២០២០។ ចំណែក កូនផ្សោតចំនួន១២ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៥, ១១ ក្បាលក្នុងឆ្នាំ២០១៦, ៩ក្បាលក្នុងឆ្នាំ២០១៧, ៩ក្បាលក្នុងឆ្នាំ២០១៨, ១៣ក្បាលក្នុងឆ្នាំ២០១៩ និង៦ក្បាលក្នុងរយៈ ពេល១០ខែ ដើមឆ្នាំ២០២០។
ឯកឧត្តម ស្រ៊ុន លឹមសុង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ ESCAP និងជាអគ្គនាយករងនៃរដ្ឋបាលជលផល បានចាត់ទុកលទ្ធផលដែលទទួលបានក្នុង ឆ្នាំ២០២០នេះ គឺជាសញ្ញាវិជ្ជមានក្នុងការស្តារឡើងវិញនូវសត្វផ្សោតទន្លេមេគង្គ ខណៈ ពួកវាកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន ដូចជាការទាក់ជាប់ទៅនឹងមងនេសាទ នៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វ,សកម្មភាពនេសាទខុសច្បាប់ដោយប្រើឧបករណ៍ ឆក់, នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត និងទំនប់វារីអគ្គិសនី នៅចរន្តទឹកខាងលើជាដើម។
យោងតាមរបាយការណ៍របស់អង្គការ WWF បានបញ្ជាក់ថា អត្រាកំណើនជាមធ្យម ប្រចាំឆ្នាំគឺ១,០២ភាគរយ និងអត្រាស្លាប់ប្រចាំឆ្នាំគិតជាមធ្យម គឺ២,១៤ភាគរយ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០។
បើប្រៀបធៀបទៅនឹងរយៈពេលពីឆ្នាំ២០០៧ ដល់២០១៣ អត្រាស្លាប់ប្រចាំឆ្នាំ គិតជាមធ្យមមានដល់ទៅ៨ភាគរយ និង២,៤ភាគរយក្នុងរយៈពេលពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥។ ចំនួនផ្សោតថ្មីដែលបានកត់ត្រា និងបញ្ចូលក្នុងចំនួនសរុប មាន ដល់ទៅ៤.២២ភាគរយ ដែលក្នុងឆ្នាំ២០១៧ ពុំមានផ្សោតថ្មីណាមួយត្រូវបាន កត់ត្រាបញ្ចូលក្នុងចំនួនសរុបឡើយ។
សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់នៃមរតកធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាសត្វមួយដែលប្រជាជនកម្ពុជាគោរពបូជា និងជាប្រភពផ្តល់ប្រាក់ចំណូលមួយ ដ៏សំខាន់សម្រាប់សហគមន៍ដែលចូលរួមក្នុងវិស័យទេសចរណ៍ធម្មជាតិ។
សូមបញ្ជាក់ថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ លាតសន្ធឹងតាមដងទន្លេ មេគង្គភាគខាងជើងក្នុងកំណាត់លើប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា និងប្រទេសឡាវ ត្រង់ចំណុចល្បាក់ខោន ទឹកធ្លាក់និមិត្ត អន្លង់ឈើទាល អន្លង់មរកត ក្នុងខេត្តស្ទឹងត្រែងមកទល់នឹងក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ៕