ព្រឹកនេះ សម្តេចតេជោហ៊ុន សែនអញ្ជើញសួរសុខទុក្ខនិងចែកអំណោយ ជូនពល រដ្ឋ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុុជា

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃទី២នៃការបំពេញបេសកកម្មមនុស្សធម៌នៅខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅពីគោលដៅ ដែលគោលដៅទី១មានចំនួន៥០០០គ្រួសារ ស្ថិតនៅបរិវេណផ្សារហង្សស៊ីផា ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ។ គោលដៅទី២ នៅបរិវេណខាងជើងរង្វង់មូលផ្លូវជាតិលេខ៥៨ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន៥០០០គ្រួសារ ។

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុង ចំណោមរាជធានី-ខេត្តទាំង១៩ ដែលជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយរងការលិចលង់ធ្ងន់ធ្ងរជាងគេផងដែរ។ ក្រុង-ស្រុកចំនួន ៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយ ប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរ ជ្រៅ និង ស្រុកម៉ាឡៃ។

តាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៥នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២.១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣.៥៤៥គ្រួសារ, លិចសន្ទូង ៤៩.៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩.៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ ទឹក និងសាលារៀនជាដើម។

វត្តមានរបស់សម្តេចតេជោលើទឹកដីអតីតសមរភូមិប្រដាប់អាវុធនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីនៃការយក ចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះប្រជា ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ។

សម្តេចតេជោហ៊ុនសែន អញ្ជើញមកកាន់ខេត្តបន្ទាយមានជ័យនេះ ដើម្បីសួរ សុខទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតបណ្តាលមកពីគ្រោះទឹកជំនន់។

សូមជម្រាបថា អំណោយរបស់សម្ដេចតេជោហ៊ុនសែនដែលចែកជូនប្រជាពល រដ្ឋរងគ្រោះទឹកជំនន់ក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីមួយកេសតូច ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ ១០ កំប៉ុង ទឹកសុទ្ធ១កេស ឃីត១កញ្ចប់មានភួយ ១ ម៉ុង១ កន្ទេល ១ សារុង១ ក្រមា ១ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋ មន្ត្រី កាលពីថ្ងៃទី២១ខែតុលាម្សិលមិញនេះ  បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរង គ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយ មានជ័យចំនួន១ម៉ឺនគ្រួសារដែរ ស្ថិតនៅស្រុកមង្គលបុរី សរុបទាំងពីរថ្ងៃមានចំនួន ២ម៉ឺនគ្រួសារ ។

សូមជម្រាបថា សម្តេចតេជោ នឹងវិលត្រឡប់មកកាន់ខេត្តបន្ទាយមានជ័យ នៅថ្ងៃ សៅរ៍ចុងសប្តាហ៍នេះម្ដងទៀត ដើម្បីផ្តល់អំណោយបន្តដល់ប្រជាពលរដ្ឋ ដែលមិន ទាន់ទទួលបាន ខណ:សម្តេចត្រូវមានភារកិច្ចចាំបាច់់ដឹកនាំកិច្ចប្រជុំគណៈរដ្ឋ មន្រ្តី នៅថ្ងៃសុក្រទី២៣ខែតុលានេះ៕