រដ្ឋបាលរាជធានីភ្នំពេញថ្លែងអំណរគុណ ដៃគូពាក់ព័ន្ធដែលបានជួយប្រមូលសំរាមនៅពេលដែលបងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា
MC៖រដ្ឋបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណ ដល់ដៃគូពាក់ព័ន្ធ ដែលបានជួយប្រមូលសសំរាមនៅពេលដែលបងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម កាលពីពេលថ្មីៗនេះ ។
យោងតាមសេចក្តីថ្លែងអំណរគុណ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្នុងរយៈពេលដែលបងប្អូនកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្មខុសច្បាប់ ចាប់ពីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មកទល់ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ធ្វើឱ្យសំរាមមានការកកស្ទះមួយអន្លើ ក្នុងអំឡុងពេលនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់វិធានការបន្ទាន់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ដើម្បីធ្វើការសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាម ដែលមានការកកស្ទះតាមដងផ្លូវនៅរាជធានីភ្នំពេញ ប៉ុន្តែការប្រមូលនេះ មិនបានប្រមូលបានស្អាតភ្លាមៗទេ ដោយសារតែ កត្តាបទពិសោធន៍ និងកត្តាអាកាសធាតុដែលមានភ្លៀងជោគជាំ ។ ទោះជាយ៉ាងនេះក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងវិស័យឯកជនមួយចំនួន បានខិតខំពុះពារការលំបាក ដើម្បីធ្វើការប្រមូលនិងដឹកជញ្ជូនសំរាម ដែលបានកកស្ទុះទៅចាក់នៅទីលានចាក់សំរាមដង្កោ កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
សេចក្តីថ្លែងអំណរគុណ បន្តថា លទ្ធផលការងារដែលទទួលបានមួយរយៈពេលកន្លងមកនេះ ពិតជាមិនអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងមែន ប៉ុន្តែបានដោះស្រាយការងារកកស្ទះនេះបានមួយចំណែកធំ ដែលមិនអាចស្មានដល់។ លទ្ធផលដែលទទួលបានខាងលើនេះ ពិតជាមិនអាចប្រកែកបានពីការចូលរួមគ្រប់ភាគីទាំងអស់ ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ រដ្ឋបាល ខណ្ឌ សង្កាត់ កម្លាំងប្រជាការពារ និងកម្មករទាំងអស់ដែលបានចូលរួមប្រមូលសំរាមវិស័យឯកជន។
រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមបានត្រឹមត្រូវ ជៀសវាង ការចោលសំរាមពាសវាលពាសកាល ដើម្បីចូលរួមលើកកម្ពស់អនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញឱ្យ កាន់តែស្រស់ស្អាតមានអនាម័យល្អ៕