កម្ពុជាជម្នះបានឧបសគ្គទាំងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

Mc ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា កម្ពុជានឹងជម្នះបានឧបសគ្គទាំងជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ ហើយនឹងស្តារឡើងវិញបានល្អប្រសើរ ខណៈដែលប្រជាពលរដ្ឋបានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំ របស់រាជរដ្ឋាភិបាលនិងដៃគូពាក់ព័ន្ធទាំងអស់ ។

ថ្លែងក្នុងឱកាសអញ្ជើញ ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នឹងអាចជម្នះបានទាំងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់នេះ។ សម្តេចតេជោ បញ្ជាក់ថា ចំពោះបញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមិនមាន ការឆ្លងនៅក្នុងសហគមន៍នោះឡើយ ។ចំណែកបញ្ហាទឹកជំនន់វិញ កម្ពុជាក៏នឹងអាចយកឈ្នះបានដូចគ្នា ព្រោះយើងមានការ ជួយអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសពីអាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជននានា ដែលបានរួមចំណែកជាមួយ រាជរដ្ឋាភិបាលទាំងកម្លាំងកាយនិងថវិកា។ជាមួយគ្នានេះ សម្តេចតេជោ ក៏សង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងទទួលបាន ជោគជ័យផងដែរ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទឹកជំនន់និងជំងឺកូវីដ-១៩បានបញ្ចប់ ។

សំឡេង ៖ « អ៊ីចឹងខ្ញុំជឿថាយើងបន្តធ្វើបាន តែមកដល់ពេលនេះ យើងមិនទាន់មានមនុស្សស្លាប់ ដោយសារតែជំងឺ កូវីដ-១៩នេះទេ ទាំងជនជាតិខ្មែរនិងជនបរទេស ទី ២ យើងនូវជម្នះបាននូវការលំបាកដែលបណ្ដាលមកពីគ្រោះជំនន់ទឹកភ្លៀង ទាំងនៅបន្ទាយមានជ័យនិយាយដោយឡែក និងនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម ហើយទី៣ យើងនឹងទទួល ជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទឹកជំនន់និងបន្ទាប់ពីកូវីដ-១៩ យើងនៅមានសមត្ថភាពធ្វើដោយការ ទទួលខុសត្រូវផ្ទាល់របស់ជនជាតិយើងខ្លួនឯង ទាំងប្រជាពលរដ្ឋ ទាំងរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូមិត្តភក្តិនានា ដៃគូអភិវឌ្ឍន៍ ដែលរួមមានប្រទេសជិតខាងនិងស្ថាប័ននេះស្ថាប័ននោះ ជួយយើង ហើយយើងក៏ ស្វាគមន៍អបអរសាទរ» ៕​