សម្តេចតេជោអំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលគ្រោះជំនន់ទឹកភ្លៀងនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវកុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះសំបែង ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទាំងនៅក្នុងដំណាក់កាលកូវីដ-១៩ និងក្នុងដំណាក់កាល នៃគ្រោះទឹកជំនន់នេះ ក្នុងករណីកូនបំណុលណាមួយដែលអាក់ខានពុំបានបង់ប្រាក់។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិគ្រោះទឹកជំនន់នេះ បានធ្វើឱ្យ ប្រជាពលរដ្ឋបាត់បង់ប្រាក់ចំណូល មិនអាចសងបំណុលជូនធនាគារបាន ហេតុដូច្នេះហើយទើបសម្ដេចបានធ្វើការអំពាវនាវ ចំពោះ ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់ យោគយល់ ពន្យារពេលនៃការសងប្រាក់ និងកុំមានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ។

សំឡេង៖« ឥឡូវនេះខ្ញុំក៏សូមអំពាវនាវទៅកាន់ធនាគារនិងមីក្រូហិរញ្ញវត្ថុ ធ្វើការយោគយល់ចំពោះអ្នកដែលលិចលង់ នៅគ្រប់ទីកន្លែងទាំងអស់ដែលមានការលិចលង់ពិតប្រាកដ ឱ្យមានការបន្ធូរបន្ថយនូវពេលវេលានៃការសងប្រាក់ ពន្យារពេលនៃការសងប្រាក់ រហូតទៅដល់បន្ថយអត្រាការប្រាក់នៅក្នុងរយៈពេលនៃការលំបាក។ ដែលខ្ញុំគិតថាទាំងធនាគារធំៗ ក៏ដូចជាមីក្រូហិរញ្ញវត្ថុធ្វើការយល់អំពីបញ្ហានេះ។ ពីព្រោះរឿងនេះ ជារឿងដែលបានកើតឡើង ហើយការឈឺចាប់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរបស់យើង។ ហើយខ្ញុំសូមអំពាវនាវសុំកុំឱ្យមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសំបែង ដីធ្លីរបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលកូវីត និងនៅក្នុងដំណាក់កាលនៃគ្រោះទឹកជំនន់ សម្រាប់អ្នកដែល ប៉ះពាល់ដោយគ្រោះទឹកជំនន់»។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ មាន ការរឹបអូសផ្ទះ ចំពោះប្រជាពលរដ្ឋណាដែលធ្វើតាមការឃោសនារបស់ក្រុមជ្រុលនិយមក្បត់ជាតិ និងក្រុមជនឆ្លៀតឱកាស ឱ្យដកប្រាក់ចេញពីធនាគារ និងមិនសង ដើម្បីធ្វើឱ្យធនាគារស្រុកខ្មែរដួលរលំ៕