ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន១០នាពេលខាងមុខនេះ

­
វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
ភ្នំពេញ៖ ៖ព្រឹទ្ធសភាកម្ពុជានឹងបើកកិច្ចប្រជុំពិភាក្សា និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន១០នៅពេលខាងមុខ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាលយកច្បាប់នេះទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងអភិវឌ្ឍន៍ប្រទេសជាតិ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះដើម្បីបើកកិច្ចប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពរឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ។
សេចក្តីជួនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលវិទ្យុជាតិទទួលបាននៅថ្ងៃទី២១ ខែតុលានេះបានឱ្យដឹងថា កិច្ចប្រជុំនេះមានរបៀបវារៈចំនួន១០ រួមមាន៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៤ ។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤។
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ។
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធ ត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការ យកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ទៅក្នុងរបៀបវារៈសម័យ ប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ។
៥-ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ ។ ៦- ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ ។ ៧- ការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ ។ ៨- ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតា ស្តីពីបារត ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ ។៩- ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់ អូហ្សូន ទៅក្នុងរបៀបវារៈសម័យ ប្រជុំព្រឹទ្ធសភាលើកទី៦នីតិកាលទី៤ និង១០-ពិនិត្យនិងឱ្យយោបល់លើការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕