មន្ទីរសាធារណការខេត្តបន្ទាយមានជ័យត្រៀមជួសជុលផ្លូវដែលខូចខាតដោយសារជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា
MC៖មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានត្រៀមរួចស្រេចដើម្បីចុះពិនិត្យនិងវាយតម្លៃ ចំពោះផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងដើម្បីជួសជុលក្រោយទឹកជំនន់ស្រកទៅវិញ។
លោក សុក ចន្ធា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃនេះមក ធ្វើឱ្យប៉ះពាល់ដល់កំណាត់ផ្លូវជាតិលេខ៥ប្រវែង២៥គីឡូម៉ែត្រ ដោយការលិចនេះ គឺលិចជាកំណាត់ៗ ភាគច្រើនលិចនៅត្រង់ស្រុកថ្មពួក និងស្រុកមង្គលបូរី ។
លោកបន្តថា អ្វីដែលមន្ទីរគួរធ្វើ ទីមួយ គឺការពារកំណាត់ផ្លូវ ដែលទឹកកំពុងតែហូរច្រោះខ្លាំង កុំឱ្យមានការដាច់ផ្លូវកាន់តែខ្លាំង និងបានបិទចរាចរណ៍ចំពោះរថយន្តធុនធំដែលអាចបង្កបញ្ហាដល់គ្រឹះផ្លូវកាន់តែធ្ងន់ធ្ងរនៅពេលទឹកស្រកទៅវិញ ។
សំឡេង ៖ យើងមានបាវខ្សាច់ទប់ទៅតាមស្ថានភាពផ្លូវដូចជានៅកន្លែងខ្លះ មានស្ពានដែលបម្រុងនិងហូរច្រោះ យើងបានវ៉ៃឈើទប់ជាមួយនិងបាវខ្សាច់កុំឱ្យទឹកវាហូរស៊ីខូង អាចធ្វើអោយដាច់នៅក្បាលស្ពាន ក្រោយពីទឹកជំនន់ស្រកទៅ យើងនឹងចុះវាយតម្លៃ ដោយមានគណៈកម្មាធិកាអន្តរក្រសួង ធ្វើតាមរយៈមន្ទីរ គឺស្នើសុំទៅក្រសួង ដើម្បីធ្វើការជួសជុលឡើងវិញនៅកំណាត់ផ្លូវដែលរងការខូចខាតពីជំនន់ទឹកភ្លៀង ។
កាលពីពេលថ្មីៗនេះ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ខេត្តចំនួន១៣ មានផ្លូវខូចខាត ដោយសារជំនន់ទឹកភ្លៀងចំនួន៨៧ខ្សែ ផ្លូវប្រវែងជាង២៤៥គីឡូម៉ែត្រ ស្មើនឹង១៩៩កំណាត់ ក្នុងនោះ ផ្លូវ៥គីឡូម៉ែត្រ ប្រភេទផ្លូវAC ចំណែកផ្លូវ១២០គីឡូម៉ែត្រ ប្រភេទ DBST និង ផ្លូវ១២០គីឡូម៉ែត្រ ប្រភេទផ្លូវដីក្រហម ៕