ធនាគារជាតិ នៃកម្ពុជាស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តអនុគ្រោះ ចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា
ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជាស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថាក្នុងស្ថានភាពដែលខេត្ត-ក្រុងមួយចំនួនក្នុងប្រទេស កម្ពុជាទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ ធនាគារជាតិនៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបាន រងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់។
ធនាគារជាតិនៃកម្ពុជា សូមកោតសរសើរចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានចូលរួមសហការយ៉ាងល្អ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជាដែលបានដាក់ចេញ ដូចជាសារាចរណែនាំ ស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការ ផាកពិន័យផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំដោយមិនមានដីកាពីតុលាការជាដើម ក្នុងកំឡុងពេលនៃការរីករាលដាល ជំងឺកូវីដ-១៩ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់ ។
ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ដែលកំពុងរង ផលប៉ះពាល់ពីគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង៕