អភិបាលខេត្តកំពង់ចាម ណែនាំឱ្យមន្ត្រីសាខាកាកបាទក្រហមខេត្តត្រៀមសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ

វិទ្យុជាតិកម្ពុជា ៖
កំពង់ចាម៖ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមខេត្ត បាន ណែនាំដល់មន្ត្រី សាខាកាកបាទក្រហមខេត្ត ឱ្យត្រៀមលក្ខណៈ ទាំងកម្លាំង ស្បៀង សម្ភារ ថវិកា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យបានទាន់ ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើង ។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ដូច្នេះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងាររយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត៣ខែ ចុង ឆ្នាំ២០២០ នៅស្នាក់ការសាខាកាកបាទ ក្រហមខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឱ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ៩ខែឆ្នាំនេះ សម្រេចបាន លទ្ធផលគួរជាទីមោទនៈ ពិសេសការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ ដោយមហន្តរាយផ្សេងៗ និងជួយជនងាយរងគ្រោះ ដែលខ្វះខាតជីវភាពបានទាន់ពេលវេលា។
ឯកឧត្តមបញ្ជាក់ថា សម្រាប់ផែនការអនុវត្តបន្ត រយៈពេល ៣ខែ ចុងឆ្នាំ នេះ ត្រូវយកចិត្តទុកដាក់ បន្តការអប់រំផ្សព្វផ្សាយអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យបានជាប្រចាំ ពង្រឹងរបៀបរបបធ្វើ ការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងកាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកា ដើម្បីម្ចាស់ការអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងភ្លាម ៗ ពិសេសជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ ដែលកំពុងមានការហក់ឡើង និងរៀបចំផែនការសកម្មភាពសម្រាប់សាខាអនុវត្ត ក្នុងឆ្នាំ ២០២១ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ៕